រដ្ឋមន្រ្តីក្រសួងជលផលនិងនេសាទឥណ្ឌូនេស៊ីលោក Sakti Wahyu Trenggono បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីអាចក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារបង្គាសកល ដោយមានការគាំទ្រពីរដ្ឋាភិបាលក្នុងការជំរុញការនាំចេញ និងផលិតកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅថ្ងៃទី១៤ ខែមិថុនា លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា សម្រាប់ឆ្នាំ ២០១៥-២០១៩ បង្គាទទួលបានតម្រូវការខ្ពស់លំដាប់ទី២ នៅលើទីផ្សារពិភពលោកបន្ទាប់ពីត្រីសាលម៉ុន។
លោកបានចង្អុលបង្ហាញថា ទិន្នផលបង្គារបស់ឥណ្ឌូនេស៊ីបានរួមចំណែក ៦.៩% ដល់ការផ្គត់ផ្គង់ពិភពលោកក្នុងកំឡុងពេលនោះ។ ហើយប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសនាំចេញបង្គាធំជាងគេទី៥ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ បន្ទាប់ពីប្រទេសឥណ្ឌា អេក្វាឌ័រ វៀតណាម និងចិន។
យ៉ាងណាមិញ ដើម្បីអាចក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារបង្គាសកល ក្រសួងបានរៀបចំកម្មវិធីមួយចំនួនដើម្បីជម្រុញផលិតកម្ម និងការនាំចេញបង្គាតាមរយៈការស្តារស្រះទឹកឡើងវិញ ដោយអនុវត្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងភាពងាយស្រួលនៃការផ្តល់អាជ្ញាប័ណ្ណសម្រាប់អាជីវកម្មបង្គា។ ម៉្យាងវិញទៀត ក្រសួងបានបង្កើតគំរូកសិដ្ឋានបង្គា សម្រាប់កសិករធ្វើការដាំដុះនៅក្នុងតំបន់រួមមួយតាមរយៈដំណើរការផលិតកម្ម ដែលផ្អែកលើបច្ចេកវិទ្យានិងវិធីសាស្រ្តដែលមិនប៉ះពាល់ដល់បរិស្ថាន៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


