ប្រទេសកម្ពុជា រំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្ម នឹងផ្ដល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារក្នុងមួយឆ្នាំ បន្ទាប់ពីការសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំកន្លងមក ដែលជាលទ្ធផលមកដល់ថ្ងៃនេះ អាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ។ នេះដោយយោងតាមសារលិខិតជូនជនរួមជាតិរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ ទាក់ទងទៅនឹងការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មដំបូងរបស់កម្ពុជា នៅតំបន់ អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ ។
សម្ដេចតេជោ បានបញ្ជាក់ថា ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ នៅថ្ងៃនេះក្រុមហ៊ុន Renaissance Minerals (Cambodia) Limited រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនអូស្រ្តាលីទីមួយ ដែលចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សហកម្មតាមស្តង់ដារអន្តរជាតិបានផលិតចេញ ជាមាសដុំពាក់កណ្ដាលសម្រេចដែលមានអត្រាមាស ៩០% ។ បើតាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។
សម្ដេចបានបន្ថែមថា មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្ដល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ លានដុល្លារក្នុងមួយឆ្នាំ ដោយថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សូមជម្រាបផងដែរថា មុនឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាពិបាល និងក្រុមហ៊ុន បានពុះពារក្នុងការស្រាជ្រាវជម្រករ៉ែមាស ដើម្បីឈានដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលា និងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌសេដ្ឋកិច្ច និងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ៕





អត្ថបទ៖ លីនី


