សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ប្រកាសដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈ ឧស្សាហកម្ម លើកដំបូងនៅកម្ពុជា ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ។ នេះបើយោងតាមសារលិខិតជូនជនរួមជាតិរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទាក់ទងទៅនឹងការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មដំបូងរបស់កម្ពុជា នៅតំបន់ អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ នេះតទៅ។
ក្នុងសារលិខិតជូនជនរួមជាតិពីដំណឹងដ៏រីករាយនេះ សម្ដេចតេជោ បានបញ្ជាក់ថា ក្រុមហ៊ុនដែលត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនអូស្រ្តាលីទីមួយ ដែលចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សហកម្មតាមស្តង់ដារអន្តរជាតិ។ សម្ដេចបានបន្ថែមថា ក្រោយពីបានសិក្សាស្រាជ្រាវស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ នៅថ្ងៃនេះក្រុមហ៊ុនបានផលិតចេញ ជាមាសដុំពាក់កណ្ដាលសម្រេចដែលមានអត្រាមាស ៩០% ។ បើតាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
ជាមួយគ្នានេះដែរ សម្ដេចបានគូសបញ្ជាក់ថា មុនឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាពិបាល និងក្រុមហ៊ុន បានពុះពារក្នុងការស្រាជ្រាវជម្រករ៉ែមាស ដើម្បីឈានដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលា និងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌសេដ្ឋកិច្ច និងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។
ហើយមកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្ដល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ លានដុល្លារក្នុងមួយឆ្នាំ ដោយថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕



អត្ថបទ៖ លីនី


