យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ប្រទេសចិនកាលនៅថ្ងៃអង្គារទី០៨ មិថុនា នេះ បានសន្យាផ្តល់ជំនួយបន្ថែមទៀតដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់សមភាគីរបស់លោកមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក ១០ ប្រទេសថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងចំនួន ១០០ លានដូសដល់ប្រទេសអាស៊ានរួចហើយ រួមជាមួយសម្ភារៈប្រយុទ្ធនឹងជំងឺរាតត្បាតផ្សេងទៀតនិងជំនួយបច្ចេកទេស។
ទន្ទឹមនឹងនេះលោកបានបន្ថែមថា ប្រទេសចិននឹងអនុវត្តជាបន្ទាន់នូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈចិន – អាស៊ាន បន្តគាំទ្រដល់ការបម្រុងសម្ភារៈវេជ្ជសាស្ត្របន្ទាន់ដល់អាស៊ាន និងពង្រឹងការកសាងសមត្ថភាពសុខភាពសាធារណៈក្នុងតំបន់។ ជាពិសេសនោះ ចិននឹងធ្វើការជាមួយអាស៊ានដើម្បីជំនះការរីករាលដាលនៃជំងឺនេះឱ្យបានឆាប់បំផុត។
គួរបញ្ជាក់ផងដែរថា ទោះបីវីរុស Covid-19 ត្រូវបានគេរកឃើញដំបូងគេនៅប្រទេសចិននៅចុងឆ្នាំ២០១៩ ក៏ដោយក៏ប្រទេសនេះបានកាត់ផ្ដាច់ការចម្លងក្នុងប្រទេសយ៉ាងឆាប់រហ័ស ទោះបីជាត្រូវគេចោទប្រកាន់ថា មានតម្លាភាពមិនគ្រប់គ្រាន់ ឬ ព្យាយាមលាក់បាំងប្រភពដើមនៃជំងឺរាតត្បាតនេះក៏ដោយ៕



អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


