លោក Joe Biden បង្ហាញផែនការថវិកាសម្រាប់ចំណាយដ៏ច្រើនបំផុតមិនធ្លាប់មាន តាំងពីបញ្ចប់សង្គ្រាមលោកលើកទី ២ ដើម្បីបង្កើតការងារ កាត់បន្ថយពន្ធ និងការអប់រំ
សេដ្ឋកិច្ច May 29, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញផែនការថវិការបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមពីខែតុលា នេះតទៅ។ ផែនការដែលបានចេញផ្សាយកាលពីថ្ងៃសុក្រអំពាវនាវឱ្យចំណាយជាង ៦ទ្រីលានដុល្លារ ក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២២ ដែលជាកម្រិតចំណាយសហព័ន្ធខ្ពស់បំផុតចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី ២ មក។

ជាមួយគ្នានេះដែរ រដ្ឋបាលកំពុងស្នើសុំថវិកាចំនួន ៨៤ ពាន់លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងបង្កើតការងារ ដើម្បីជួយដល់វណ្ណៈកណ្តាល និង ១៦ ពាន់លានដុល្លារក្នុងការកាត់បន្ថយពន្ធសម្រាប់គ្រួសារដែលមានកូនតូចៗ។ លើសពីនេះ រដ្ឋបាលក៏រួមបញ្ចូលផងដែរនូវការបែងចែកដើម្បីចំណាយសម្រាប់វិធានការគាំទ្រការអប់រំដូចជា ផ្ដល់ការសិក្សាតាមកម្រិតថ្នាក់ដោយឥតគិតថ្លៃ។

ទោះបីជាយ៉ាងណាក្ដី ការចំណាយទាំងនោះ នឹងនាំឱ្យមានបំណុលខ្ពស់ ដែលរដ្ឋបាលគ្រោងនឹងគ្រប់គ្រងបំណុល ដោយការបង្កើនពន្ធលើសាជីវកម្ម និងអ្នកមាន។ ផែនការនេះ នឹងត្រូវពិនិត្យឡើងវិញដោយសភា ប៉ុន្តែវាបានទទួលការរិះគន់ពីសំណាក់គណបក្សប្រឆាំងដែលនិយាយថា ការចំណាយខ្ពស់នឹងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច៕

អត្ថបទ៖ លីនី
ប្រភព៖ nhk