មិនធម្មតា! ផ្លែត្រសក់ស្រូវមួយគូ នៅប្រទេសជប៉ុន មានតម្លៃជាង ២ម៉ឺនដុល្លារ ក្នុងការដេញថ្លៃលើកដំបូងនៅឆ្នាំនេះ
សេដ្ឋកិច្ច May 27, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodonews បានឱ្យដឹងថា ត្រសក់ស្រូវជប៉ុនមួយគូនៅកោះ Hokkaido ភាគខាងជើងនៃប្រទេសជប៉ុនបានលក់ក្នុងតម្លៃ ២.៧ លានយ៉េន (២៤,៨០០ ដុល្លារ) ក្នុងការដេញថ្លៃលើកដំបូងនៅឆ្នាំនេះ កាលពីថ្ងៃច័ន្ទ ដោយតម្លៃគឺខ្ពស់ជាងការដេញថ្លៃដែលឈ្នះកាលពីឆ្នាំមុន ២៣ ដង។

ប្រភពដដែលបានបន្តឱ្យដឹងថា ការដេញថ្លៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ផ្លែត្រសក់ស្រូវជប៉ុន របស់ Yubari ដែលជាផលិតផលដែលបានចុះបញ្ជីរបស់ទីក្រុង Yubari និងបានដេញថ្លៃក្នុងតម្លៃ ៥ លានយ៉េនកាលពីឆ្នាំ ២០១៩ ។ ប៉ុន្តែតម្លៃនៅក្នុងការដេញថ្លៃផ្លែឈើដំបូងគេកាលពីឆ្នាំមុន គឺទាបជាងយ៉ាងខ្លាំង ពោលគឺក្នុងតម្លៃតែ ១២០,០០០យ៉េន ដោយសារតែសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះនៃជំងឺរាតត្បាត។

យ៉ាងណាមិញ អ្នកដេញថ្លៃ ដែលទទួលបានជោគជ័យនៅក្នុងឆ្នាំនេះ គឺក្រុមហ៊ុន Hokkaido Products Ltd ដែលជាក្រុមហ៊ុនផលិតអាហារទារកក្នុងស្រុក។ ប្រធានក្រុមហ៊ុនលោក Iori Kage បានប្រាប់អ្នកយកព័ត៌មានថា “ ខ្ញុំបានដាក់ការដេញថ្លៃ ដោយសង្ឃឹមថានឹងលើកទឹកចិត្តដល់កសិករ” ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនគ្រោងនឹងផ្តល់ជូននូវផ្លែត្រសក់ស្រូវ ដែលបានទិញពីកសិករ ដោយឥតគិតថ្លៃតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ ដោយផ្តល់ជូនដល់គ្រួសារចំនួន ១០ ដែលបានជ្រើសរើស៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews