ក្ដីសង្ឃឹមថ្មដល់កសិករ! រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសុំឱ្យសិង្ហបុរីជួយសម្របសម្រួលជាមួយក្រុមហ៊ុនរបស់​សិង្ហបុរីក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា
សេដ្ឋកិច្ច May 21, 2021 Khmernote

យោងតា​មការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានជម្រាបជូនអំពីសក្តានុពល​នៃផលិត​ផលកសិកម្មកម្ពុជា មានជាអាទិ៍ ស្វាយ ចេក មៀនប៉ៃលិន ម្រេចកំពត ធុរេន ដូង ស្រកានាគ និងអង្ករ។ ឯកឧត្ដមក៏បានស្នើសុំឱ្យភាគីសិង្ហបុរី ជួយសម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​របស់សិង្ហបុរីក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា ក៏ដូចជាធ្វើការផ្គូរផ្គង​ធុរកិច្ច​រវាង​កម្ពុជា និងសិង្ហបុរីដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។ ការស្នើ​សុំ​របស់​ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបទទួលការ​តែង​តាំង​ថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅ ទីស្តីការក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូន​លោកជំទាវ ចំពោះការទទួលបានការតែងតាំងពីរដ្ឋាភិបាល​សិង្ហបុរីជាឯកអគ្គរដ្ឋទូត​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនបន្ថែមពីការធ្វើ​ឱ្យប្រសើរ​ឡើង​នូវបរិយាកាសធុរកិច្ចនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិន ជាពិសេសកិច្ចការពារកម្ម​សិទ្ធិ​បញ្ញា។ ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមជា​ប្រធាន​នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិ​បញ្ញា​បានជំរុញឱ្យមានការអនុវត្តច្បាប់យ៉ាងជាក់លាក់ ជាពិសេសត្រូវការពារនូវម៉ាក ពាណិជ្ជ​នាម​របស់ក្រុមហ៊ុនបរទេសធំៗ ដើម្បីជាការ​លើកទឹកចិត្តឱ្យមានការវិនិយោគ​នៅ​កម្ពុជា។ ជាមួយគ្នានោះផងដែរ ក្រសួងពាណិជ្ជកម្ម​ក៏បានជំរុញការបង្កើតអត្ត​សញ្ញាណ​ផលិតផល​ជាតិ ដូចជាផលិតផលសម្គាល់ភូមិសាស្ត្រ ម៉ាកសមូហភាព និងម៉ាកវិញ្ញាតកម្ម ដើម្បីផ្សព្វ​ផ្សាយទៅពិភពលោកឱ្យបានស្គាល់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការរៀបចំលក់ចំណី​អាហារតាម​ចិញ្ចើមផ្លូវ​របស់សិង្ហបុរី ហើយក៏បានស្នើសុំឱ្យភាគីសិង្ហបុរីផ្ដល់នូវគំរូល្អៗ ក្នុង​ការរៀបចំការលក់ដូរ​បែបនេះ ដើម្បីជាការផ្ដួចផ្ដើមអភិវឌ្ឍន៍វិស័យសហគ្រាសមីក្រូ តូច និង​មធ្យម ក៏ដូចជា​ប្រភព​ចំណូលដល់ប្រជាជន។

លោកជំទាវ Teo Lay Cheng បានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការ​ទទួលតួនាទី​ធ្វើ​ជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច​ប្រជុំពាក់ព័ន្ធផងដែរ ហើយក៏បានជម្រាបជូនថា សិង្ហបុរីនឹងបន្តសហការជាមួយ​កម្ពុជា​ក្នុងនាមជាមិត្តជិតស្និទ្ធមួយលើការងារទាំងអស់ដែលឯកឧត្ដមបានលើក។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអគ្គរដ្ឋទូត ក៏បានពិភាក្សា និងផ្លាស់ប្តូរ​យោបល់​គ្នាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាពាណិជ្ជកម្ម​ក្នុង​តំបន់​ផងដែរ។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានសម្តែងនូវការប្តេជ្ញាចិត្ត បន្ត​ពង្រឹង​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសការបន្តជំរុញពាណិជ្ជ​កម្ម​រវាងប្រទេសទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន