សារព័ត៌មាន The Nation Thailand នាថ្ងៃទី១៩ ខែឧសភាព បានចេញផ្សាយថា តម្លៃនៃគ្រឿងឧបភោគបរិភោគមួយចំនួននៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងពី ១០ ទៅ ១៥% នេះបើយោងតាមសហគ្រាសផលិតចំណីអាហារក្នុងស្រុក និងអ្នកលក់ត្រី សាច់។ ប្រភពដដែលបានឱ្យដឹងថា គ្រឿងឧបភោគបរិភោគសំខាន់ៗ ដែលមើលឃើញពីការឡើងថ្លៃយ៉ាងខ្លាំងនោះ គឺមានអង្ករ ប្រេង សាច់ បន្លែនិងថ្នាំពេទ្យ។
អ្នកលក់ និងអ្នកទិញ បាន និយាយថា ការឡើងថ្លៃបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែកុម្ភះមកម្ល៉េះ ហើយមិនបង្ហាញសញ្ញាធ្លាក់ចុះវិញនោះទេ។ បើតាមសំដីរបស់អ្នករស់នៅភាគខាងត្បូង Dagon ក្នុងតំបន់ Yangon បានឱ្យដឹងថា៖ «នៅពេលខ្ញុំទៅផ្សារទិញប្រេងចម្អិនទុកបំរុងខ្ញុំបានដឹងថា ប្រេងបន្លែចំណុះ ១.៨ លីត្របានកើនឡើងពី ៣.៥០០ក្យាត ទៅ ៥.៥០០ក្យាត នៅពេលនេះ” ។

ទន្ទឹមនឹងនោះដែរ តម្លៃស្រូវធម្មតានៅតែមានស្ថេរភាព ប៉ុន្តែតម្លៃស្រូវ Pawhsan Taungpyan ដែលមានគុណភាពល្អបានកើនឡើងពីជាង ៤០,០០០ក្យាត ទៅប្រហែល ៥០,០០០ក្យាត ក្នុងមួយបេ។ ទន្ទឹមនឹងនេះដែរតម្លៃរបស់ស្រូវ Pyapon Pawhsanhmway បានកើនឡើងដល់ ៤០,៥០០ ក្យាត ឬ ៤៨,០០០ ក្យាត ដោយតម្លៃអង្ករដែលមានគុណភាពបានកើនឡើងពី ១០% ទៅ ១៥%។

ជាមួយគ្នានោះ តម្លៃប្រេងបន្លែម៉ាកយីហោមួយដបចំណុះ ១.៨ លីត្របានកើនឡើងពី ៣,៥០០ក្យាត ដល់ ៤,៥០០ក្យាត ឬ ៤,៦០០ក្យាត ។ យោងតាមអាជីវករលក់ប្រេងបានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះតម្លៃប្រេងមួយកុងតឺន័រ (10 viss ខ្នាតក្នុងប្រទេសមីយ៉ាន់ម៉ា) បានកើនឡើងពី ៦០,០០០ ក្យាត ដល់ ៦៥,០០០ ក្យាត ឬ ៧០,០០០ក្យាត។

ដោយឡែកតម្លៃមាន់នៅកសិដ្ឋានបានកើនឡើងពី ៥,០០០ក្យាត ដល់ប្រហែល ៦,០០០ក្យាត (ក្នុងមួយ viss ខ្នាតក្នុងប្រទេសមីយ៉ាន់ម៉ា) និងមាន់ Bamar ពី ៩៧,០០០ក្យាត ទៅ ១០,០០០ក្យាត។ បន្ថែមពីនេះ តម្លៃសាច់ជ្រូកបានឡើងថ្លៃដល់ ១២,០០០ ក្យាត (ក្នុងមួយ viss ខ្នាតក្នុងប្រទេសមីយ៉ាន់ម៉ា) ឡើងពី ៨,៨០០ក្យាត។ ចំពោះតម្លៃបន្លែ ក៏បានកើនឡើងទ្វេដងដែរ ខណៈពេលដែលតម្លៃទំនិញប្រើប្រាស់មួយចំនួនដូចជា ថ្នាំមានការកើនឡើងផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


