ខេត្តបាត់ដំបងក្រៅពីកំពុងនាំស្វាយស្រស់ទៅប្រទេសថៃ ក៏កំពុងតែត្រៀមនាំចេញទៅចិនផងដែរ ដើម្បីពង្រីកទីផ្សារនាំចេញឱ្យបានកាន់តែច្រើន ខណៈដែលខេត្តនេះមានភោគផលផ្លែស្វាយជាច្រើន។ លោក ឈឹម វជីរា ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរខេត្ត បាត់ដំបងកំពុងខ្នះខ្នែងក្នុងការចុះ បញ្ជីចម្ការស្វាយ ដើម្បីផ្ញើទៅអគ្គនាយកដ្ឋានកសិកម្ម ដោយសារចម្ការស្វាយមួយ ចំនួននៅក្នុងខេត្តបាត់ដំបង ក៏បានត្រៀមសម្រាប់ធ្វើការផ្គត់ផ្គង់ផងដែរ ទៅកាន់ប្រទេសចិន។
លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅខេត្តបាត់ដំបងមានភោគផលដំណំាស្វាយជាច្រើន ដូច្នេះការពង្រីកទីផ្សារទៅកាន់ប្រទេសចិននេះ នឹងជួយដោះស្រាយបញ្ហាទីផ្សាររបស់កសិករ ដោយមិនសល់ជន់ជោរទៀតឡើយ ខណៈដែលពីមុន គឺអាចនាំចេញតែទៅប្រទេសថៃ តែមួយប៉ុណ្ណោះ។

សំឡេង៖«ស្វាយទោះបីថាយើងដាំទៅស្វាយមិនទាន់មានទីផ្សារទូលំទូលាយទោះបីយើងបានខ្នះខ្នែងក្នុងការចុះបញ្ជីចម្ការដើម្បីផ្ញើទៅអគ្គនាយកដ្ឋានកសិកម្មដើម្បីឱ្យអគ្គនាយកដ្ឋានរុញទៅរកអ្នកពាក់ព័ន្ធជាពិសេសគឺការឆ្លើយតបជូនកសិករ។ដូចបងប្អូនសាធារណជនបានជ្រាបហើយថ្មីៗនេះដែរ គឺសាធារណរដ្ឋប្រជាមានិតចិនគឺយើងមានបណ្ដាក្រុមហ៊ុនដែលទទួលទិញស្វាយពីព្រះរាជាណាចក្រកម្ពុជាយើង។ ក្នុងនោះក៏មានចម្ការមួយចំនួននៅក្នុងខេត្តបាត់ដំបងក៏ត្រៀមសម្រាប់ធ្វើការផ្គត់ផ្គង់ផងដែរ។ ហើយដោយឡែកប្រភេទស្វាយស្រស់ដែលក្នុងអំឡុងពេលមានបញ្ហាកូវីដព្រឹត្តិការណ៍២០កុម្ភៈនេះគឺយើងបាននាំចេញជារៀងរាល់ថ្ងៃទៅប្រទេសថៃទោះ តម្លៃមិនបានថ្លៃខ្ពស់បើយើងធៀបជាមួយឆ្នាំរាល់ៗដង ប៉ុន្តែយើងចេញទៅរាល់ថ្ងៃមួយថ្ងៃ ៤០តោន ទៅ៧០តោន »។

គួររំលឹកដែរថា កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរៀបចំពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាចំនួន ៨០តោន ទៅកាន់ទីផ្សារប្រទេសចិន ដោយក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

ប្រភព៖ ក្រសួងព័ត៌មាន


