ធ្លាប់តែជាប្រទេសឆ្លងកូវីដច្រើនជាងគេ បច្ចុប្បន្នជាងមួយភាគបីនៃរដ្ឋរបស់អាមេរិក និងក្រុមហ៊ុនអាជីវកម្ម​ធំៗមួយចំនួន បញ្ចប់វិធានការពាក់ម៉ាសការពារជំងឺកូវីដ-១៩
សេដ្ឋកិច្ច May 17, 2021 Khmernote

​រដ្ឋ​ចំនួន​ដប់​ប្រាំបី​នៅក្នុង​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​អាជីវកម្ម​ដែលមាន​ស្លាក​យីហោ​ធំៗ​មួយចំនួន​កាលពី​ថ្ងៃ​សៅរ៍​បានប្រកាស​អំពី​ផែនការ​ដើម្បី​បញ្ចប់​វិធានការ​ពាក់ម៉ាសនៅ​ទីសាធារណៈ​ភ្លាមៗ​ ឬ​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ប៉ុន្តែ​រដ្ឋ​ផ្សេងៗ​ទៀត​ដូចជា​រដ្ឋ​កាលីហ្វ័រ​ញ៉ា ញូវយ៉ក និង​ញូ​វ​ជេ​ស៊ី កំពុងដំណើរការ​វិធា​ន​ការ​នេះយ៉ាងតឹងរឹង និង​ដោយ​ប្រុងប្រយ័ត្ន​។​

​តាមការចុះផ្សាយរបស់សារព័ត៌មាន xinhuanet បានឱ្យដឹងថា ជនជាតិ​អាមេរិក​ជាច្រើន​មិនបានពាក់ម៉ាស ហើយដើរមិនញញើតតាម​នៅ​ទីសាធារណៈ​កាលពី​ថ្ងៃ​សុក្រ​ជា​លើកដំបូង ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ (CDC) បាន​បន្ធូរបន្ថយ​គោលការណ៍​ណែនាំ​របស់ខ្លួន​ស្តីពី​ការពា​ក់ម៉ាសសម្រាប់​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រួចរាល់​ទាំងស្រុង​។​

​គួរឱ្យដឹងថា ​ការអនុវត្ត​នេះ​បាន​កើតឡើង​នៅពេលដែល​ជនជាតិ​អាមេរិក​ច្រើនជាង​មួយ​ភាគបី ​ត្រូវ​បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ ហើយ​ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​មានការ​ធ្លាក់​ចុះមក​នៅក្រោម ៣៥ ០០០​នាក់ ដែលជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែកញ្ញា​មក​៕

អត្ថបទ៖ លីនី
ប្រភព៖ xinhuanet