ចាក់វ៉ាក់សាំងឈ្នះលុយ! រដ្ឋមួយនៅអាមេរិក ប្រកាសផ្ដល់រង្វាន់ ១លានដុល្លារ ដល់អ្នកដែលចាក់វ៉ាក់សាំងកូវីដ-១៩ តាមរយៈការចាប់ឆ្នោត
សេដ្ឋកិច្ច May 15, 2021 Khmernote

រដ្ឋ Ohio សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួននឹងផ្ដល់រង្វាន់ ១លានដុល្លារ ឬ អាហារូបករណ៍ថ្នាក់មហាវិទ្យាល័យតាមរយៈការចាប់ឆ្នោត ដល់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 យ៉ាងហោចណាស់បានមួយដូស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ អភិបាលរដ្ឋ Ohio លោក Mike DeWine បានប្រកាសកាលពីថ្ងៃពុធថា អ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍សម្រាប់អ្នករស់នៅរដ្ឋ Ohio ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់។

លោកបានបន្តថា ការចាប់ឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី ២៦ ខែឧសភា រយៈពេល ៥ សប្តាហ៍ជាប់គ្នា ហើយអ្នកឈ្នះម្នាក់ៗនឹងទទួលបានប្រាក់ ១ លានដុល្លារ។ ជាមួយគ្នានោះលោកក៏បានប្រកាសផងដែរថា ពលរដ្ឋដែលមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ ដែលត្រូវបានទទួលថ្នាំបង្ការ នឹងត្រូវបានបញ្ចូលទៅក្នុងការចាប់ឆ្នោតរៀងរាល់សប្តាហ៍សម្រាប់រង្វាន់អាហារូបករណ៍រយៈពេល ៤ ឆ្នាំទៅសាកលវិទ្យាល័យរដ្ឋដែលរួមមានថ្លៃសិក្សា បន្ទប់ស្នាក់នៅ និងសម្ភារៈសិក្សា។

លោក DeWine បាននិយាយនៅលើបណ្តាញសង្គម Twitter ថា មនុស្សប្រហែលជាគិតថាគាត់ឆ្កួត ហើយចាត់ទុកគំនិតនេះថាជាការខ្ជះខ្ជាយលុយ។ ប៉ុន្តែលោកបានបន្ថែមថា ការខ្ជះខ្ជាយពិតប្រាកដ គឺជាការបាត់បង់អាយុជីវិតរបស់មនុស្សដោយសារវីរុស នៅពេលដែលវ៉ាក់សាំងអាចប្រើបានសម្រាប់អ្នកដែលចង់បាន។

ទន្ទឹមនឹងការផ្ដល់រង្វាន់របស់រដ្ឋ​ Ohio នេះ កម្មវិធីលើកទឹកចិត្តសម្រាប់ការចាក់ថ្នាំបង្ការក៏មាននៅផ្នែកផ្សេងទៀតនៃសហរដ្ឋអាមេរិកដែរ។ ជាក់ស្ដែង រដ្ឋ New Jersey និងរដ្ឋ Connecticut កំពុងផ្តល់ជូនស្រាបៀរឥតគិតថ្លៃដល់ប្រជាជនដែលចាក់វ៉ាក់សាំងរួច៕

អត្ថបទ៖ លីនី
ប្រភព៖ nhk