ចក្រភពអង់គ្លេស អនុញ្ញាតឱ្យមានការធ្វើដំណើរទៅបរទេស ចាប់ពីពាក់កណ្តាលខែនេះ ដោយសារករណីឆ្លងកូវីដក្នុងស្រុកថយចុះ
ទេសចរណ៍ May 8, 2021 Khmernote

រដ្ឋាភិបាល​អង់គ្លេសបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យការធ្វើដំណើរអន្តរជាតិចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ ចាប់ពីពាក់កណ្តាលខែឧសភា ឆ្នាំនេះ ដោយសារករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកំពុងថយចុះ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីដឹកជញ្ជូនលោក Grant Shapps បាននិយាយនៅថ្ងៃសុក្រ ម្សិលមិញនេះថា បម្រាមនេះនឹងត្រូវដកចេញនៅថ្ងៃទី ១៧ ខែឧសភា។

ទោះបីជាយ៉ាងនេះក្ដី រដ្ឋាភិបាលនឹងអនុវត្តនៃកម្រិតផ្សេងៗគ្នាដល់ជនភៀសខ្លួនពីបណ្ដាប្រទេស ដោយផ្អែកលើការកំណត់ពណ៌សម្រាប់អ្នកដំណើរ។ ជាក់ស្ដែង ប្រទេសនិងទឹកដីចំនួន ១២ ត្រូវបានបន្ថែមទៅក្នុងបញ្ជីពណ៌បៃតងរួមមាន អ៉ីស្រាអែល និងអូស្ត្រាលី ដោយអ្នកស្រុកដែលវិលត្រឡប់មកពីបណ្តាប្រទេសក្នុងបញ្ជីបៃតង នឹងមិនត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។

ទន្ទឹមនឹងនេះរដ្ឋាភិបាលបានបន្តឱ្យដឹងថា ប្រជាជននៅតែត្រូវជៀសវាងការធ្វើដំណើរកម្សាន្តទៅទិសដៅជាច្រើន ដែលការឆ្លងនៅតែបន្តកើនឡើង។ ក្នុងនោះមានបណ្តាប្រទេសជាច្រើនរួមទាំងប្រទេសជប៉ុន គឺស្ថិតនៅក្នុង “បញ្ជីពណ៌លឿង” ប្រទេសឥណ្ឌានិងប្រទេសដទៃទៀតដែលការឆ្លងនៅតែធ្ងន់ធ្ងរស្ថិតនៅក្នុង “ បញ្ជីក្រហម”។ គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរទៅក្រៅប្រទេស ពីប្រទេសអង់គ្លេសត្រូវបានហាមឃាត់ចាប់តាំងពីខែមករា លើកលែងតែហេតុផលសំខាន់ៗរួមមាន ការធ្វើជំនួញ និងការព្យាបាលវេជ្ជសាស្ត្រ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk