ធនាគារ ADB បង្ហាញជំហរជួយកម្ពុជាលើបញ្ហាប្រឈមនានា ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩
សេដ្ឋកិច្ច May 5, 2021 Khmernote

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB អះអាងថា កំពុងជួយកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្​ហាប្រឈមនានា​ដែលបណ្តាល​មកពីកូវីដ-១៩ ហើយក៏កំពុងគាំទ្រវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជាផងដែរ។ តាមរយៈព្រឹត្តិបត្រព័ត៌មាន ដែល បង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បាន បញ្ជាក់ថា ADB កំពុងធ្វើសកម្មភាពនានា ដើម្បីស្វែងរកថវិកា គាំទ្រការឆ្លើយតបនឹងកូវីដ-១៩ និងការងើបឡើងវិញរបស់កម្ពុជា។

ក្នុងឆ្នាំ២០២០ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន៤៧៧,២ លានដុល្លារ ហើយបានកៀរគរ ថវិកាបន្ថែមចំនួន២៨១,៣លានដុល្លារ តាមរយៈសហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។ ចំនួននេះរួមបញ្ចូលប្រាក់កម្ចីសម្បទានចំនួន២៥០លានដុល្លារ និងសហហិរញ្ញប្បទាន២៤១,៦ លានដុល្លារ សម្រាប់កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩របស់ ADB ដែលហៅកាត់ថា CARES។

លោកស្រី Sunniya Durrani-Jamal នាយិកាADBប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ថវិការបស់ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ២០២១-២០២៣ រួមមានកម្ចីសម្បទានចំនួន ១,៣៥ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន៣២,៤លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាតជំងឺកូវីដ-១៩៕

ប្រភព៖ ក្រសួងព័ត៌មាន