នាយករដ្ឋមន្ត្រីថៃ ប្រកាសទិញវ៉ាក់សាំង Covid-19 ចំនួន ១០០ លានដូស ចាក់ជូនប្រជាជនមុនដំណាច់ឆ្នាំនេះ និងត្រៀមថវិកា ៣៨០ ពាន់លានបាត ដើម្បីស្តារសេដ្ឋកិច្ច
សេដ្ឋកិច្ច April 24, 2021 Khmernote

នាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បាននិយាយនៅល្ងាចថ្ងៃសុក្រថា រដ្ឋាភិបាលមានគោលបំណងដើម្បីទិញវ៉ាក់សាំង Covid-19 ចំនួន ១០០ លានដូសសម្រាប់ចាក់ជូនប្រជាជនចំនួន ៥០លាននាក់មុនដំណាច់ឆ្នាំនេះ និងត្រៀមថវិកា ៣៨០ ពាន់លានបាត ដើម្បីស្តារសេដ្ឋកិច្ច។ សេចក្តីថ្លែងការណ៍ស្តីពីផែនការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នាយករដ្ឋមន្ត្រីបាននិយាយថា រហូតមកដល់ពេលនេះប្រទេសថៃបានទទួលវ៉ាក់សាំងចំនួន ២.១ លានដូសសំរាប់ប្រជាជន ១.០៥ លាននាក់ហើយ។ ក្នុងនោះលោកបានបញ្ជាក់ថា មនុស្ស ៨៤០,០០០ នាក់បានចាក់វ៉ាក់សាំងរួចហើយ ដែលចំនួនប្រហែលពាក់កណ្តាលនៃពួកគេ ជាអ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិងអ្នកស្ម័គ្រចិត្ត ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំងឺ។

លោក ប្រាយុធ បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងរឿងវ៉ាក់សាំងរហូតមកដល់ពេលនេះ ការបញ្ជាទិញវ៉ាក់សាំង Covid-19 ចំនួន ៦៤ លានដូសត្រូវបានគេដាក់ដំណើរការហើយ ដោយក្នុងនោះមានវ៉ាក់សាំង AstraZeneca ចំនួន ៦១ លានដូសដែលនឹងចាប់ផ្តើមឈានដល់ចំនួនច្រើនចាប់ពីខែមិថុនា ហើយវ៉ាក់សាំង Sinovac ចំនួន ២.៥ លានដូស ដោយ ២លានបានទទួលរួចហើយ និងនៅសល់ចំនួន ៥០០,០០០ ដូសដែលនឹងមកដល់ពីថ្ងៃសៅរ៍នេះ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាល ក៏កំពុងចរចាជាមួយក្រុមហ៊ុនផលិតដើម្បីទិញវ៉ាក់សាំង Sputnik V ចំនួន ៥-១០ លានដូស និងវ៉ាក់សាំង Pfizer ៥-១០ លានដូស ខណៈពេលដែលក្រុមប្រឹក្សាពាណិជ្ជកម្មថៃនឹងជួយក្នុងការទិញចំនួន ១០-១៥ លានដូសសំរាប់បុគ្គលិករបស់ខ្លួន។

ទាក់ទងនឹងវិធានការស្តារសេដ្ឋកិច្ច នាយករដ្ឋមន្រ្តីថៃ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានត្រៀមថវិកា ៣៨០ ពាន់លានបាតសម្រាប់គោលបំណងនេះ។ លោកបានបញ្ជាក់ថា ក្នុងចំនួនទឹកប្រាក់នេះ ទឹកប្រាក់ ២៤០ ពាន់លានបាតនឹងទទួលបានពីប្រាក់កម្ចី ១ ទ្រីលានបាត ដើម្បីដោះស្រាយវិបត្តិ ហើយទឹកប្រាក់ ១០០ ពាន់លានបាតនឹងបានមកពីថវិកាសារពើពន្ធ ២០២១ និង ៤០ ពាន់លានបាត បានមកពីថវិកានៃមូលនិធិទប់ស្កាត់វីរុស Covid-19៕

អត្ថបទ៖ លីនី