អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឯកភាព ជាគោលការណ៍ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង Sputnik V ដល់ប្រទេសថៃ។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋាភិបាលទាំងពីរ នៅពេលដែលប្រទេសថៃកំពុងប្រយុទ្ធនឹងរលកទី៣ នៃវីរុស Covid-19 ដែលបានកើតឡើងកាលពីចុងខែមុន។
លោក Anucha បានឲ្យដឹងថា ព័ត៌មានលម្អិតអំពីចំនួនវ៉ាក់សាំង តម្លៃ និងពេលវេលាសម្រាប់ការចែកចាយ នឹងត្រូវបានកំណត់នៅក្នុងកិច្ចពិភាក្សានាពេលអនាគត រវាងក្រុមហ៊ុនដែលបាននាំចូលវ៉ាក់សាំង និងក្រសួងសុខាភិបាលថៃ។ ជាមួយគ្នានោះដែរ ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការផ្តល់ការគាំទ្រវ៉ាក់សាំង ដោយសារទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួនជាមួយប្រទេសថៃ និងបន្តពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលលោក ប្រាយុធ ចានអូចា។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុធ ចានអូចា ក៏បានណែនាំក្រសួងសុខាភិបាលឱ្យរៀបចំកិច្ចពិភាក្សានៅប្រទេសថៃ ជាមួយអ្នកផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ីផងដែរ។ គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី២៤ ខែមេសានេះ ប្រទេសថៃ បានរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ទៅ ២,៨៣៩ នាក់ និងបាត់បង់ជីវិតចំនួន ៨នាក់ ដែលនេះជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះនៅក្នុងប្រទេសថៃ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


