រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមមានឆន្ទៈក្នុងការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 របស់ប្រទេសកម្ពុជា តាមរយៈការបញ្ជូនអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដង្ហើមនិងម៉ាស់ការពារ។ នៅក្នុងកិច្ចប្រជុំតាមអ៉ីនធឺណេតជាមួយសមភាគីកម្ពុជា គឺឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នៃប្រទេសកម្ពុជា លោក Nguyen បានចែករំលែកបទពិសោធន៍របស់ប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដែលបានឆ្លងជាង ១៤៤ លាននាក់ និងបានសម្លាប់មនុស្សជាង ៣ លាននាក់នៅទូទាំងពិភពលោក។
ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមរូបនេះបានលើកឡើងថា ប្រទេសវៀតណាមមានឆន្ទៈក្នុងការតភ្ជាប់កន្លែងព្យាបាលជំងឺ Covid-19 របស់ប្រទេសទាំងពីរ ដោយអនុញ្ញាតឱ្យមានការផ្លាស់ប្តូរអ្នកជំនាញពីភាគីទាំងពីរប្រសិនបើចាំបាច់។ លោកបានបន្ថែមទៀតថា វៀតណាមនឹងបញ្ជូនម៉ាស៊ីនផ្លុំខ្យល់ ៨០០ គ្រឿង ដល់ប្រទេសកម្ពុជា និងម៉ាស់វេជ្ជសាស្រ្តចំនួន ២.៣ លានម៉ាស់ និងឧបករណ៍ផ្សេងទៀត ដោយលោកបានបញ្ជាក់ថា កញ្ចប់ជំនួយនេះនឹងជាកញ្ចប់ជំនួយធំបំផុតរបស់ប្រទេសវៀតណាមសម្រាប់ប្រទេសក្រៅក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការរីករាលដាលវីរុសកូវីដ-១៩ នៅកម្ពុជា ប្រទេសវៀតណាមបានផ្តល់ជំនួយជាសម្ភារៈ និងថវិកា ជាបន្តបន្ទាប់ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីជួយសម្រាលក្នុងកាលៈទេសៈដ៏លំបាកនេះ។ ហើយកាលពីពេលថ្មីនេះ រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០ ០០០ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


