កម្មវិធីស្បៀងអាហារពិភពលោក បានប៉ាន់ប្រមាណថា ប្រជាជនរហូតដល់ទៅ ៣.៤ លាននាក់ទៀត នៅមីយ៉ាន់ម៉ានឹងធ្លាក់ចូលក្នុងភាពអត់ឃ្លានក្នុងរយៈពេល ៦ខែទៀត ជាពិសេសនៅតាមទីប្រជុំជន។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចេញផ្សាយការប៉ាន់ប្រមាណនៅថ្ងៃព្រហស្បតិ៍នេះដោយនិយាយថា ខ្លួនត្រូវបង្កើនប្រតិបត្តិការជំនួយស្បៀងអាហារថ្មីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អង្គការនេះបានបន្ថែមថា « ជាមួយនឹងផលប៉ះពាល់បីដងនៃភាពក្រីក្រមុនវីរុសកូវីដ-១៩ រាតត្បាត និងវិបត្តិនយោបាយបច្ចុប្បន្ន ភាពអត់ឃ្លាន និងការអស់សង្ឃឹមកំពុងតែកើនឡើងយ៉ាងខ្លាំងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា »។ ជាមួយគ្នានេះ ប្រជាជនជាច្រើននៅក្នុងប្រទេសបានបាត់បង់ការងារ និងប្រាក់ចំណូល ខណៈសេដ្ឋកិច្ចកំពុងបញ្ចៀសពីការបង្ក្រាបយ៉ាងខ្លាំងក្លាលើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន និងចលនាមិនគោរពរដ្ឋប្បវេណីដែលកម្មករបោះបង់ចោលភារកិច្ចរបស់ពួកគេ។

ទន្ទឹមនឹងនោះ តម្លៃម្ហូបអាហារបានឡើងថ្លៃដោយសារផលិតកម្ម និងការចែកចាយនៅតែជាប់គាំង។ កម្មវិធីស្បៀងអាហារពិភពលោកនិយាយថា តម្លៃស្រូវជាមធ្យមបានកើនឡើង ៥% នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីខែមករា ខណៈដែលប្រេងចម្អិនអាហារបានកើនឡើង ១៨% ចាប់តាំងពីខែកុម្ភៈ។

កម្មវិធីស្បៀងអាហារពិភពលោកបានបន្ថែមថា ខ្លួនត្រូវការជាបន្ទាន់នូវទឹកប្រាក់ចំនួន ១០៦ លានដុល្លារ ខណៈចំនួនប្រជាជនដែលខ្លួនជួយនឹងកើនឡើងជិតបីដងក្នុងប៉ុន្មានខែខាងមុខនេះ ពោលគឺពី ១.៣ លានទៅ ៣.៣ លាននាក់។ លោក Stephen Anderson នាយកប្រចាំប្រទេសរបស់ WFP មីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ ដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំដែលកំពុងកើតឡើងនៅចំពោះមុខ យើងត្រូវតែបោះជំហានទៅមុខ” ។ លោកបានបន្ថែមថា“ យើងពឹងផ្អែកលើសហគមន៍អន្តរជាតិឱ្យបន្តឈរជាមួយប្រជាជនមីយ៉ាន់ម៉ា” ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


