ប្រធានាធិបតីអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោក បានចាក់វ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ២០០ លានម្ជុល (Shot) ដោយបំពេញគោលរបស់ប្រធានាធិបតីរូបនេះមុនពេលកំណត់។ គួររម្លឹកថា លោក Biden បានសន្យាថា នឹងផ្តល់នូវវ៉ាក់សាំង ២០០ លានម្ជុល (Shot) ឬ ស្មើនឹង ១០០លានដូសនេះក្នុងរយៈពេល ១០០ថ្ងៃដំបូងរបស់លោក នៃការចូលកាន់ដំណែង។ នាពេលនោះលោកបានមានប្រសាសន៍ថា « ១០០ ថ្ងៃដំបូងរបស់ខ្ញុំនឹងមិនបញ្ចប់វីរុស Covid-19 ទេ តែយើងអាចផ្លាស់ប្តូរកម្រិតនៃជំងឺ និងផ្លាស់ប្តូរជីវិតនៅអាមេរិកឱ្យប្រសើរឡើង »។
ជាក់ស្ដែងកាលពីថ្ងៃពុធ កន្លងទៅនេះ លោក Biden បានប្រកាសថា៖ «នៅថ្ងៃស្អែក ចំនួនវ៉ាក់សាំងដែលបានចាក់រួចចេញមក វានឹងបង្ហាញថា ថ្ងៃនេះយើងអាចធ្វើបានហើយ ថ្ងៃនេះយើងអាចសម្រេចបានការចាក់វ៉ាក់សាំងចំនួន ២០០ លានម្ជុល (Shot) ហើយ »។

ជាមួយគ្នានោះដែរ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិកបាននិយាយថា ៨០.៦% នៃមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំនិង ៥១.៥% នៃមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដងកាលពីថ្ងៃពុធ។

ទន្ទឹមនឹងការសម្រេចបានគោលដៅចាក់វ៉ាក់សាំងនេះ លោក Biden ក៏បានផ្តល់ឥណទានពន្ធដើម្បីទូទាត់ថ្លៃដើម សម្រាប់អាជីវកម្មមួយចំនួន ដើម្បីបង់ទៅឲ្យនិយោជិករបស់ពួកគេ ដែលបានខកខានធ្វើការងារ ដើម្បីមកទទួលការចាក់វ៉ាក់សាំង។ លោកបានលើកឡើងដូច្នេះថា “ គ្មានជនជាតិអាមេរិកណាដែលអាចបាត់បង់ប្រាក់មួយដុល្លារពីប្រាក់ខែរបស់ពួកគេឡើយ ព្រោះពួកគេជ្រើសរើសបំពេញកាតព្វកិច្ចស្នេហាជាតិរបស់ពួកគេក្នុងការទទួលថ្នាំបង្ការ ”៕
អត្ថបទ៖ លីនី
ប្រភព៖ nhk


