យោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយរបស់ប្រទេសថៃ បានឲ្យដឹងថា ប្រជាជនថៃអាចទទួលបានលិខិតឆ្លងដែនវ៉ាក់សាំង (vaccine passports) ដើម្បីធ្វើដំណើរទៅបរទេស។ ប្រភពដដែលបានឲ្យដឹងថា ព្រឹត្តិប័ត្រព័ត៌មាន Royal Gazette បានផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការចេញវិញ្ញាបនប័ត្រនៃការចាក់ថ្នាំបង្ការ រឺ លិខិតឆ្លងដែនវ៉ាក់សាំង ដែលនឹងត្រូវចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យជំងឺ។
ក្នុងការផ្សព្វផ្សាយនោះបានបង្ហាញថា វិញ្ញាបនប័ត្រនេះ នឹងត្រូវសរសេរជាភាសាអង់គ្លេស ហើយនឹងមានឈ្មោះអ្នកកាន់ព័ត៌មានផ្ទាល់ខ្លួនក៏ដូចជាព័ត៌មានលំអិតនៃការចាក់វ៉ាក់សាំង Covid-19 ដែលអាចត្រូវបានប្រើសម្រាប់ការធ្វើដំណើរទៅបរទេស។

ជាមួយគ្នានេះដែរ វិញ្ញាបនប័ត្រនេះនឹងត្រូវបានចេញឱ្យតែអ្នកដែលបានទទួលវ៉ាក់សាំង ដែលត្រូវបានចុះបញ្ជីក្រោមច្បាប់នៃឱសថរបស់ប្រទេសថៃ ឬ ត្រូវបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ លើសពីនេះឯកសារត្រូវតែមានហត្ថលេខារបស់អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ ឬ អ្នកដែលត្រូវបានជ្រើសរើស ក៏ដូចជាត្រារបស់ទីភ្នាក់ងារ ហើយលិខិតឆ្លងដែនវ៉ាក់សាំងមួយនឹងបញ្ជាក់បានតែបុគ្គលម្នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


