ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យទី១១ កន្លងទៅនេះ បានហាមឃាត់ការនាំចេញឱសថប្រឆាំងវីរុស Covid-19 ដែលមានឈ្មោះថា emdesivir និងគ្រឿងផ្សំឱសថសកម្មរបស់ខ្លួន នៅពេលដែលតម្រូវការប្រើប្រាស់នៅក្នុងប្រទេសបានកើនឡើង ដោយសារចំនួនអ្នកឆ្លងវីរុសបានកើនឡើងខ្លាំង ហើយបណ្តាលឱ្យមានការខ្វះខាតផ្នែកជាច្រើន ខណៈប្រទេសឥណ្ឌាត្រូវបានគេស្គាល់ថា ជាប្រទេសផលិតឱសថរបស់ពិភពលោក ហើយប្រទេសនេះបានបញ្ឈប់ការនាំចេញវ៉ាក់សាំង Covid-19 សំខាន់ៗរួចទៅហើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ថែមលើការហាមឃាត់ Remdesivir “រហូតដល់ស្ថានភាពប្រសើរឡើង” ក្រុមហ៊ុនផលិតត្រូវបានស្នើសុំឱ្យបង្កើនការផ្គត់ផ្គង់បន្ថែមទៀត។ ខណៈក្រុមហ៊ុនឥណ្ឌាចំនួន ៧ បានផ្តល់អាជ្ញាប័ណ្ណថ្នាំពីក្រុមហ៊ុន Gilead Sciences ដែលមានសមត្ថភាពផលិតប្រហែល ៣.៩ លានគ្រាប់ក្នុងមួយខែ សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសជាង ១០០ ។

គួរឲ្យដឹងថា អាជ្ញាធរបានស្តីបន្ទោសចំពោះការកើតឡើងនៃអ្នកឆ្លងវីរុសដ៏សាហាវនេះ ដោយសារតែការប្រមូលផ្ដុំគ្នា និងការមិនពាក់ម៉ាសរបស់ប្រជាពលរដ្ឋ។ ការធ្វេសប្រហែលទាំងនេះ នាំឲ្យករណី Covid-19 ថ្មីបានកើនឡើងដល់ ១៥២,៨៧៩ កាលពីថ្ងៃអាទិត្យដែលជាការកើនឡើងជាលើកទី៦ ក្នុងរយៈពេល ៧ ថ្ងៃដែលធ្វើឲ្យមន្ទីរពេទ្យនៅតំបន់ខ្លះមិនមានកន្លែងសម្រាកព្យាបាល។
សូមបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌានាំមុខពិភពលោកក្នុងចំនួនមធ្យមនៃការឆ្លងថ្មីប្រចាំថ្ងៃ ដែលត្រូវបានរាយការណ៍ក្នុងរយៈពេលជាងពីរសប្តាហ៍។ ជាមួយគ្នានោះការស្លាប់ក៏បានកើនឡើងផងដែរ ដោយក្រសួងសុខាភិបាលបានរាយការណ៍ថា អ្នកស្លាប់មានចំនួន ៨៣៩ នាក់កាលពីថ្ងៃអាទិត្យ ដែលជាចំនួនខ្ពស់បំផុតមួយក្នុងរយៈពេលជាង ៥ ខែកន្លងមកនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


