សម្ដេចតេជោ ហ៊ុន សែន៖ «បើគិតមកដល់ពេលនេះ វាមិនទាន់អស់សាច់ប្រាក់នោះទេ យ៉ាងហោចណាស់សាច់ប្រាក់អាចបើកប្រាក់ខែឱ្យមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ បាន ៣ឆ្នាំទៀត »
សេដ្ឋកិច្ច April 10, 2021 Khmernote

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា បើគិតមកដល់ពេលនេះ វាមិនទាន់អស់សាច់ប្រាក់នោះទេ ហើយយ៉ាងហោចណាស់រាជរដ្ឋាភិបាលមានសាច់ប្រាក់ដែលអាចបើកប្រាក់ខែបានរហូតដល់ ៣ឆ្នាំទៀត។ ការអះអាងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ បន្ទាប់ពីមានការលើកឡើងថា សម្ដេចបានដាក់បញ្ជាឱ្យមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវចាក់វ៉ាក់សាំង បើមិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩នោះទេ នឹងបាត់បង់ការងារ ហើយការដាក់បញ្ជានេះ គឺចង់ដេញមន្រ្ដីចេញដោយសារតែរាជរដ្ឋាភិបាលខ្វះថវិកាសម្រាប់បើកប្រាក់ខែ។

ក្នុងការថ្លែងសារពិសេសពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាពីទីក្រុងតាខ្មៅ ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើគិតតែខែមីនា ក្នុងឆ្នាំ២០២១នេះ ចំណូលថវិកាផ្នែកពន្ធដារទទួលបានជាង ៦០០លានដុល្លារ ផ្នែកគយ ទទួលបានជាង ២០០ លានដុល្លារ សរុបចំណូលទាំងពីរផ្នែកនេះ ទទួលបានជាង ៨០០លានដុល្លារ នេះគឺសម្រាប់តែខែមីនាប៉ុណ្ណោះ។

សម្ដេចតេជោបានមានប្រសាសន៍ថា បើគិតចំណូលថវិកាដែលទទួលបានមកពីខាងពន្ធដារគិតទាំងខែមករា និងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២១ សរុបចំណូលទទួលបានជាង ១ ០០០ លានដុល្លារ ហើយសម្រាប់ចំណូលថវិកាផ្នែកគយសរុប៣ខែ ចាប់ពីខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២១ បានចំណូលជាង ៦០០លានដុល្លារ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “ទទួលបានបើខាងពន្ធដារគិតទាំងខែមករា និងខែកុម្ភៈ និងខែមីនា សរុបចំណូលទទួលបានជាង ១ ០០០ លានដុល្លារ រួចហើយ។ ចំណែកផ្នែកគយសរុបទាំង៣ខែ ខែមករា ខែកុម្ភៈ និងខែមីនា បានចំណូលជាង ៦០០លានដុល្លារ រួចហើយ”។ សម្ដេចតេជោបានបន្ថែមថា បើនិយាយពីការចាក់វ៉ាក់សាំងគឺជារឿងធម្មតា ហើយបន្ដិចទៀត ការចាក់វ៉ាក់សាំង សម្រាប់ជំងឺកូវីដ១៩ក្លាយទៅជាបញ្ហាធម្មតា៕

ប្រភព៖ ក្រសួងព័ត៌មាន