ធនាគារកណ្ដាលថៃ បាននិយាយកាលពីពេលថ្មីៗនេះ សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍អាចនឹងធ្លាក់ចុះនៅក្នុងត្រីមាសទី ១ ធៀបទៅនឹងរយៈពេល ៣ខែមុន និងឆ្នាំមុនផងដែរ ដោយសារតែផលប៉ះពាល់នៃការផ្ទុះឡើងរលកថ្មីនៃវីរុស Covid-19។ លោកស្រី Chayawadee Chai-Anant នាយកជាន់ខ្ពស់នៃនាយកដ្ឋានសេដ្ឋកិច្ច និងគោលនយោបាយបាននិយាយថា ខណៈពេលដែលសេដ្ឋកិច្ចមានភាពប្រសើរឡើងក្នុងខែកុម្ភៈដោយសារការឆ្លងបានថយចុះ ផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី១ ប្រហែលជាមិនល្អដូចត្រីមាសមុន និងមួយឆ្នាំមុននោះទេ ខណៈកាលនោះមិនទាន់មានការរឹតត្បិតនៅឡើយ។
លោកស្រីបានបន្តថា សេដ្ឋកិច្ចបន្តប្រឈមមុខនឹងការធ្លាក់ចុះនៃវិស័យទេសចរណ៍ បន្ទាប់ពីព្រំដែនត្រូវបានបិទនៅក្នុងខែមេសា ទោះបីជាប្រទេសថៃគ្រោងនឹងចាប់ផ្តើមបើកដំណើរការឡើងវិញនៅឆ្នាំនេះក៏ដោយ។ គួររម្លឹកផងដែរថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានវាយប្រហារដោយការរីករាលដាលនៃ Covid-19 យ៉ាងខ្លាំងនៅពាក់កណ្តាលឆ្នាំ២០២០ ប៉ុន្តែការផ្ទុះឡើងថ្មីមួយដែលបានលេចចេញនៅក្នុងខែធ្នូ កាន់តែខ្លាំងក្លាថែមទៀត ដោយបានបន្ថយសកម្មភាពក្នុងស្រុក។

ជាមួយគ្នានេះដែរ សេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍បានធ្លាក់ចុះ ៦.១% កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាងពីរទសវត្ស ដោយសារតែការរីករាលដាលនៃវីរុស បានបំផ្លាញវិស័យទេសចរណ៍ដែលជាបង្គោលសេដ្ឋកិច្ច។

យ៉ាងណាមិញ ធនាគារកណ្តាលរំពឹងថាសេដ្ឋកិច្ចនឹងងើបឡើងវិញស្របតាមផែនការដែលបានបើកឡើងវិញ ហើយមានភ្ញៀវទេសចរបរទេសចំនួន ៣ លាននាក់នៅឆ្នាំនេះ ដែលភាគច្រើននឹងឈានមកដល់ត្រីមាសទី៤៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


