យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសផែនការបង្កើនពន្ធសាជីវកម្ម ដើម្បីចំណាយសម្រាប់ផែនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់គាត់។ ការបង្កើនពន្ធសាជិវកម្មនេះ គឺតំណាងឱ្យការផ្លាស់ប្តូរដ៏ធំមួយពីគោលនយោបាយមុន ក្នុងការជំរុញសេដ្ឋកិច្ចតាមរយៈការកាត់បន្ថយពន្ធសាជីវកម្ម។
ប្រភពដដែលបានឲ្យដឹងថា ផែនការពន្ធផលិតនៅអាមេរិកត្រូវបានបង្ហាញកាលពីថ្ងៃពុធ ម្សិលមិញនេះ ដោយស្នើដំឡើងអត្រាពន្ធសាជីវកម្មដល់ ២៨% ពី ២១% កាលពីពេលមុន ពោលគឺអត្រាបន្ទាប់ពីការកាត់ពន្ធដោយរដ្ឋបាល Trump ។

សូមបញ្ជាក់ថា ក្រៅពីពន្ធខាងលើ លោក Biden គ្រោងនឹងយកពន្ធអប្បបរមាសម្រាប់អាជីវកម្មធំៗ ដែលរាយការណ៍ពីប្រាក់ចំណេញខ្ពស់ដល់ម្ចាស់ភាគហ៊ុនប៉ុន្តែមានប្រាក់ចំណូលជាប់ពន្ធតិចតួច។ ផែនការនេះក៏នឹងពង្រឹងពន្ធអប្បបរមាជាសកល សម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការនៅក្រៅប្រទេស និងជំរុញការអនុវត្តច្បាប់ដើម្បីដោះស្រាយការគេចពន្ធឆ្លងដែនផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


