ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ជុំទី៥។ ក្នុងសេចក្តីសម្រេចខាងលើ បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូដ-១៩ ត្រូវបន្តអនុវត្តសម្រាប់ជុំទី ៥ ដែលមានរយៈពេល ០៣ (បី)ខែ គឺខែមេសា ខែឧសភា និងខែមិថុនា ឆ្នាំ ២០២១។
ជាមួយគ្នានោះ រយះៈពេលអនុវត្តបន្តនៃកម្មវិធីនេះ នឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង។ សេចក្តីសម្រេចដដែលនេះ បានគូសបញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវធ្វើឡើងក្នុងសប្តាហ៍ទី ៤នៃខែនីមួយៗ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានផ្ដើមដំណើរការអនុវត្តកម្មវិធី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន៤ជុំ មាន៨លើករួចមកហើយ។

ជាមួយគ្នានេះ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានផ្ដល់ការអន្ដរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចំណាយថវិការដ្ឋ ចំនួន ២៣០.៥៨លានដុល្លារអាមេរិក៕


អត្ថបទ៖ លីនី


