ឯកឧត្តម ស៊ុន ចាន់ថុល៖ “គម្រោងអភិវឌ្ឍន៍រថភ្លើងធំៗចំនួនពីរនៅកម្ពុជា មានមួយសិក្សាចប់សព្វគ្រប់ហើយ ខណៈមួយទៀតគ្រោងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះ”
សេដ្ឋកិច្ច April 6, 2021 Khmernote

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងនៅក្នុង ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការសម្រួលពីលោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុង (Urban Development Specialist) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំទទួល បន្ទុកលើជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។

នៅក្នុងឱកាសនោះ ក្រៅពីការធ្វើបច្ចុប្បន្នភាពលើគម្រោងពីរខាងលើ ឯកឧត្តមក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍ អាស៊ីជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។

គួរកត់សម្គាល់ថា៖ ប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដមែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

អត្ថបទ៖ លីនី