សម្តេចតេជោ ជំរុញឱ្យប្រជាជនកម្ពុជារួមគ្នា លើកកម្ពស់ការប្រើប្រាស់ និងទិញផលិតផលខ្មែរក្នុងស្មារតីខ្មែរជួយខ្មែរ
សេដ្ឋកិច្ច April 6, 2021 Khmernote

សម្តេចតេជោជំរុញឱ្យប្រជាជនកម្ពុជារួមគ្នា លើកកម្ពស់ការប្រើប្រាស់ និងទិញផលិតផលខ្មែរក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេស។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតបាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលពិតជាមាន មោទនភាពចំពោះការខិតខំរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី-ខេត្តទាំ ង២៥ ក្រសួងពាណិជ្ជកម្មនិងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាបំផុសចលនាការទិញនិងប្រើប្រាស់ផលិតផលខ្មែរនៅទូទាំងប្រទេស ជាពិសេសនៅក្នុងឱកាសនៃជំងឺរាតត្បាតមេរោគកូវីដ-១៩ ដែលយើងត្រូវពង្រឹងនិងពង្រីកផលិតផលក្នុងស្រុក ទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្ម។

សម្តេចតេជោបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងប្រធានបទ “រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ” ក្នុងនាមរាជរដ្ឋាភិបាល សម្តេច សូមលើកឡើងនូវចំណុចមួយចំនួន ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋបន្តរួមគ្នាអនុវត្ត គណៈកម្មាធិការ ជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ការយល់ដឹងឱ្យបានទូលំទូលាយពីគុណភាពនៃផលិតផលខ្មែរ ដោយនាំគ្នាផ្តល់ជំនាញនានាដល់ផលិតករលើ ដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់។ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហភារជាមួយនឹងវិស័យឯកជន រៀបចំទីផ្សារតាមបច្ចេកវិទ្យាអនឡាញ ជួយផលិតផលខ្មែរក្នុងការលក់និងដាក់បង្ហាញ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានាទាំងក្នុងប្រទេសនិងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។

សម្តេចតេជោបន្តទៀតថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្មត្រូវរួមគ្នាបង្កើតផែនទីចង្អុលផ្លូវនៃផលិតផលភូមិមួយ ផលិតផល មួយក្នុងគោលបំណងធានានិរន្តរភាពនៃភាពពិសេសដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយឬច្រើន ជាផលិតផលឆ្លុះបញ្ចាំងពីលក្ខណៈ វប្បធម៌ប្រពៃណីទាំងបែបបុរាណនិងតាមបែបសម័យ។ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំង២៥ ត្រូវបន្តសហការជាមួយ នឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រៀបចំចងក្រងផលិតផលក្នុងស្រុកដែលមានសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាននិងវាយតម្លៃវឌ្ឍនភាពនៃការងារជួយដល់ផលិតផលក្នុង ស្រុកពីបណ្តាស្ថាប័នពាក់ព័ន្ធនិងកៀរ គរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ២០១៦ -២០២៦ និង ប្រជាជនកម្ពុជាគ្រប់រូបត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក ប្រជាជនម្នាក់ទិញផលិតផលខ្មែរ យ៉ាងតិចមួយមុខ និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូចនិងមធ្យម សហគមន៍ សមាគម។ បន្តកិច្ចខិតខំប្រឹងប្រែងជួយជំរុញ អភិវឌ្ឍ និងចូលរួមសហការគ្នាយ៉ាងសកម្មនិងជិតស្និទ្ធ ក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយដើម្បីអនុវត្តឱ្យបានសម្រេចនូវប្រធានបទស្តីពី “រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ ៕

ប្រភព៖ ក្រសួងព័ត៌មាន