វៀតណាមត្រៀមថវិកាជាង ៥៣ លានដុល្លារ ដើម្បីទិញវ៉ាក់សាំង Covid-19 ចាក់ដល់ប្រជាជន
សេដ្ឋកិច្ច April 5, 2021 Khmernote

ប្រទេសវៀតណាមត្រៀមថវិកាជាង ៥៣ លានដុល្លារ ដើម្បីទិញវ៉ាក់សាំង Covid-19 សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអនុម័តថវិកាចំនួន ១,២៣៧ ទ្រីលានដុង (៥៣.៦ លានដុល្លារ) ពីថវិការដ្ឋដែលត្រូវចំណាយលើវ៉ាក់សាំង Covid-19 ខណៈប្រទេសនេះបង្កើនល្បឿននៃការចាក់ថ្នាំបង្ការរោគ ដោយក្រសួងសុខាភិបាលត្រូវបានចាត់ឱ្យប្រើប្រាក់ ដើម្បីទិញវ៉ាក់សាំង Covid-19 តាមរបៀបដែលមានប្រសិទ្ធភាព និងសន្សំសំចៃ។

ការផ្លាស់ប្តូរដោយបន្ថែមប្រាក់លើការទិញវ៉ាក់សាំងនេះ បានកើតឡើងនៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានគោលបំណងធានានូវវ៉ាក់សាំងចំនួនប្រហែល ១៥០ លានដើម្បីគ្របដណ្តប់ ៧០% នៃចំនួនប្រជាជនរបស់ខ្លួននៅឆ្នាំ២០២២។ ជាមួយ​គ្នានេះ ប្រទេសវៀតណាម កំពុងសម្លឹងរកការធ្វើពិពិធកម្មលទ្ធកម្មរបស់ខ្លួនពីប្រភពជាច្រើននៅក្នុងប្រទេស រុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន។

គួរឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានអនុម័តការចាក់វ៉ាក់សាំងប្រភេទ AstraZeneca របស់ ChAdOx1 និងវ៉ាក់សាំង Sputnik V Covid-19 របស់រុស្ស៊ីសម្រាប់ការប្រើប្រាស់ជាបន្ទាន់។ ជាមួយគ្នានេះ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid-19 ចំនួន ៨១១,២០០ ដូសកាលពីថ្ងៃព្រហស្បតិ៍ ដែលជាវ៉ាក់សាំងលើកដំបូងរបស់ខ្លួនក្រោមគម្រោង Covax៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress