រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ «ពុំទាន់មានការបិទការនាំស្រូវចេញពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាមនៅឡើយទេ ដោយនៅដំណើរការជាធម្មតា ហើយតម្លៃនាំចេញក៏ល្អ»
សេដ្ឋកិច្ច April 5, 2021 Khmernote

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ពុំទាន់មានការបិទការនាំស្រូវចេញពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាម នៅឡើយទេ។ ការអះអាងរបស់ឯកឧត្តម គឺបានលើកឡើងដោយយោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ដែលបានឲ្យដឹងថា ខេត្តតាកែវនៅតែបន្តការនាំស្រូវចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ដដែលទេ គ្រាន់តែប្រទេសវៀតណាមមានការតឹងតែងនៅតាមមាត់ច្រកទាក់ទងទៅនឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលនៃមេរោគកូវីដ-១៩ តែប៉ុណ្ណោះ។

ជាក់ស្តែងនៅថ្ងៃទី ០៤កន្លងទៅនេះ កម្ពុជាបាននាំចេញស្រូវពីខេត្តតាកែវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣,៨៤៨ តោន តាមច្រក កំពង់អំពិល ក្នុងស្រុកបូរីជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់ ។ រីឯតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ គឺតម្លៃស្រូវទិញដល់ស្រែ ៨៥០ រៀល/គីឡូក្រាម និងលក់ដល់មាត់ច្រកមានតម្លៃ ៩៣០ រៀល/គីឡូក្រាម៕

អត្ថបទ៖ លីនី