ប្រទេសថៃ មានមហិច្ឆតាក្លាយជាអ្នកដាំដុះ និងនាំចេញទុរេនលំដាប់កំពូលរបស់ពិភពលោកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ
សេដ្ឋកិច្ច April 5, 2021 Khmernote

យោងតា​មការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus បានឲ្យដឹងថា ប្រទេសថៃមានមហិច្ឆតាក្លាយជាអ្នកដាំដុះ និងនាំចេញទុរេនលំដាប់កំពូលរបស់ពិភពលោកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រុមអ្នកជំនាញបានព្រមានថា ថៃប្រឈមនឹងហានិភ័យបាត់បង់ឱកាសក្នុងការនាំចេញ ដោយសារការប្រកួតប្រជែងពីប្រទេសជិតខាង។ នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លោក Aat Pisanwanich បានមានប្រសាសន៍ថា ដោយមានកំណើន ៣០% នៅក្នុងតំបន់ដាំធុរេននៅក្នុងប្រទេសនៅទស្សវត្សរ៍ចុងក្រោយ ផលិតកម្មទុរេនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៨៣% ក្នុងឆ្នាំ២០២១-២០២៥។

លោកបានបន្ថែមថា បរិមាណទុរេនប្រចាំឆ្នាំដែលផលិតបានក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ គឺមានចំនួន ២.០២ លានតោនបើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមានចំនួន ១.១១លានតោន ដោយលោកសង្កត់ធ្ងន់ថា នេះជាចំនួនដ៏ច្រើនបំផុតនៃផលិតកម្មទុរេននៅលើពិភពលោក។

ជាមួយគ្នានេះដែរ តាមសម្ដីរបស់លោក Aat Pisanwanich បរិមាណនៃផលិតផលទុរេននៅក្នុងប្រទេសថៃបានកើនឡើង ៦០០០ តោនក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០១១ និង ២០១៦។ នៅចន្លោះឆ្នាំ២០១៧ និងឆ្នាំមុន ចំនួននេះបានកើនឡើង ១៤០,០០០ តោនក្នុងមួយឆ្នាំ គឺខ្ពស់ជាង ២០ដង។

ដោយឡែកប្រទេសជិតខាងរបស់ថៃ បាននិងកំពុងពង្រីកតំបន់ដាំទុរេនផងដែរ ដោយផលិតផលទុរេននៅក្នុងប្រទេសម៉ាឡេស៊ីមានកំណើន ៤២% ខណៈឥណ្ឌូនេស៊ី ៣២% ហ្វីលីពីន ៤០% និង ២០%។ ដូច្នេះជាលទ្ធផលប្រទេសថៃឥឡូវត្រូវបានគេរំពឹងថា នឹងបាត់បង់ចំណែកទីផ្សារនាំចេញទុរេនរបស់ខ្លួនពីប្រមាណ ៨០% កាលពីឆ្នាំមុន មកប្រហែល ៥៧% នៅឆ្នាំ ២០២៥។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ប្រទេសថៃស្ថិតនៅលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដែលផលិតបរិមាណទុរេនច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងមួយឆ្នាំៗ។ ជាមួយគ្នានេះដែរ បរិមាណនាំចេញផ្លែទុរេនសរុបរបស់ពិភពលោកត្រូវបានគេព្យាករណ៍ថាក្នុង ៥ឆ្នាំខាងមុខនឹងកើនឡើង ៣៥០,០០០ តោនក្នុងមួយឆ្នាំ ពីចំនួន ១៣០,០០០តោនក្នុងមួយឆ្នាំ ដូចដែលបានឃើញក្នុងទសវត្សរ៍កន្លងមក៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus