ប្រទេសវៀតណាមបានអំពាវនាវដល់អ្នកការទូតមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន ឲ្យជួយខ្លួនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុស Covid-19 ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានវ៉ាក់សាំងចំនួន ១៥០លានដូស សម្រាប់គ្របដណ្តប់ប្រជាជនពេញវ័យរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ប្រហែល ៩៣០,០០០ ដូស ប៉ុន្តែចង់ទិញបន្ថែមពី Pfizer, Johnson & Johnson , Moderna, Sinovac របស់ចិននិង Sputnik V របស់រុស្ស៊ី។
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើសុំឱ្យស្ថានទូតជប៉ុនជួយក្នុងការផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិត និងការធ្វើតេស្តវ៉ាក់សាំងនៅក្នុងប្រទេសវៀតណាម។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជួយក្នុងការពន្លឿនកម្មវិធីចាក់ថ្នាំបង្ការរបស់វៀតណាម និងការទទួលបានវ៉ាក់សាំងពីអ្នកផលិតអាមេរិក ហើយបានប្រាប់អ្នកតំណាងសហភាពអឺរ៉ុបថា លោកសង្ឃឹមថាក្រុមហ៊ុនឱសថអឺរ៉ុបនឹងពិចារណាការវិនិយោគបន្ថែមទៀតនៅវៀតណាម។

លើសពីនេះទៅទៀតនោះ មុនពេលកិច្ចប្រជុំបានត្រូវបានធ្វើឡើងមួយថ្ងៃ លោក រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបជាមួយអ្នកការទូតចិន ឥណ្ឌា និងរុស្ស៊ី ដើម្បីពិភាក្សាអំពីការចាក់វ៉ាក់សាំង។ គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមមានគោលបំណងចាក់ថ្នាំបង្ការចំនួន ៧០% នៃប្រជាជនរបស់ខ្លួន ហើយរហូតមកដល់ពេលនេះបានចាក់ដល់ប្រជាជនចំនួន ៥១,២០០ នាក់។ ជាមួយគ្នានេះការស្នើសុំជំនួយ បានកើតឡើងនៅពេលដែលប្រទេសខ្លះសម្តែងការព្រួយបារម្ភអំពីកង្វះខាតវ៉ាក់សាំង៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


