ច្រើនមិនធ្លាប់មានពីមុនមក! លោក Joe Biden បង្ហាញផែនការចំណាយប្រាក់ជាង ២ទ្រីលានដុល្លារ បង្កើតការងាររាប់លានកន្លែង និងបង្កើនសេដ្ឋកិច្ច
សេដ្ឋកិច្ច April 1, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា កាលពីថ្ងៃពុធ កន្លងទៅ នៅក្នុងសុន្ទរកថាមួយនៅភាគខាងកើតនៃរដ្ឋ Pennsylvania ប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញផែនការចំណាយប្រាក់ជាង ២ ទ្រីលានដុល្លារអាមេរិក ដើម្បីបង្កើតការងារជាជំហានៗដែលក្នុងនោះមានដូចជា ការជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដែលគាត់បានចាត់ទុកថា ជាការវិនិយោគតែម្តងក្នុងមួយជំនាន់។

សារព័ត៌មានដដែលបានឲ្យដឹងថា ផែនការនេះរួមមានការជួសជុលផ្លូវ និងស្ពានដែលមានវ័យចំណាស់ ក៏ដូចជាការបង្កើតស្ថានីយសាកថ្មសម្រាប់រថយន្តអគ្គិសនីនៅទីតាំងចំនួន ៥០០,០០០ កន្លែងនៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិត microchip របស់អាមេរិក និងក្រុមហ៊ុនផលិតផ្សេងទៀត ដែលបញ្ហានេះបានកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មមានកាន់តែខ្លាំងឡើងជាមួយទីក្រុងប៉េកាំង។

ប្រធានាធិបតីរូបនេះក៏បានមានប្រសាសន៍ថា៖ ” ផែនការនេះ គឺជាការវិនិយោគលើការងារធំបំផុតរបស់អាមេរិក ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ដោយផែនការនេះនឹងបង្កើត ការងារល្អៗរាប់លានកន្លែង ជាមួយប្រាក់ខែខ្ពស់ និងបង្កើនសេដ្ឋកិច្ច ហើយអាចជួយឲ្យយើងមានជំហរ ដើម្បីឈ្នះការប្រកួតប្រជែងជាសកលជាមួយប្រទេសចិននាប៉ុន្មានឆ្នាំខាងមុខនេះ “។

យ៉ាងណាមិញ ដើម្បីផ្តល់ថវិកាដល់ផែនការនេះ លោក Biden បានឲ្យដឹងថា រដ្ឋបាលរបស់លោកនឹងដំឡើងអត្រាពន្ធសាជីវកម្មដល់ ២៨% ពី ២១% នាពេលបច្ចុប្បន្ន។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានកញ្ចប់ថវិកាសង្គ្រោះដែលមានចំនួន ១.៩ ទ្រីលានដុល្លារ ដែលត្រូវបានអនុម័តកាលពីខែមីនា៕

អត្ថបទ៖ លីនី
ប្រភព៖ nhk