ការជាប់គាំងនាវាដឹកទំនិញខ្នាតយក្សដែលមានប្រវែង ៤០០ម៉ែត្រ ជិតមួយសប្ដាហ៍នៅព្រែកជីក ស៊ុយអែស (Suez Canal) របស់ប្រទេសអេហ្ស៊ីប កំពុងបង្កឲ្យមានការព្រួយបារម្ភពីផលប៉ះពាល់ដល់សហគ្រាសវៀតណាមមួយចំនួន បើទោះបីជានាវាយក្សនេះត្រូវបានរំដោះពីការជាប់គាំងបានដោយជោគជ័យ និងបានចាប់ផ្តើមដំណើរការឡើងវិញហើយក៏ដោយក្ដី។
យោងតាមប្រសាសន៍របស់លេខាទី១ នៃស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងជាប្រធានការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតលោក Nguyen Duy Hung បច្ចុប្បន្ននេះមិនទាន់មានស្ថិតិផ្លូវការស្តីពីចំនួនទំនិញវៀតណាមដែលបាននាំចេញទៅកាន់ប្រទេសផ្សេងទៀតតាមនាវាដែលកំពុងរង់ចាំនៅក្បែរព្រែកជីកស៊ុយអែសនៅឡើយទេ ខណៈក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនដូចជា Maersk និង CMS CGM បានសំរេចចិត្តបង្វែរកប៉ាល់ទៅរកទិសដៅថ្មីគឺ Cape of Good Hope (អាហ្រ្វិកខាងត្បូង) ទៅកាន់អឺរ៉ុបក្នុងពេលវេលាលឿន។

ជាមួយគ្នានេះដែរ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅអេហ្ស៊ីបបានផ្តល់អនុសាសន៍ ឱ្យក្រុមហ៊ុនវៀតណាមសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីទទួលបានបច្ចុប្បន្នភាពនៃសមត្ថភាពដឹកជញ្ជូន ពេលវេលានៃការចត និងការផ្ទុកទំនិញ ក៏ដូចជាការធានារ៉ាប់រងរបស់ពួកគេ ប្រឆាំងនឹងការពន្យារពេល ឬ ការខូចខាតទំនិញដែលអាចកើតមានជាពិសេសលើផលិតផលជលផល។

ទន្ទឹមនឹងនេះ អាជីវកម្មក៏ត្រូវធ្វើការជាមួយអ្នកនាំចូល ដើម្បីដោះស្រាយបញ្ហាដែលអាចកើតមានទាក់ទងនឹងការចែកចាយយឺត ដើម្បី ចៀសវាងជម្លោះពាណិជ្ជកម្មណាមួយដែលអាចកើតឡើង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ៍ សប្ដាហ៍មុន នាវាដឹកទំនិញខា្នតយក្ស Ever Given បានជាប់គាំងនៅចំផ្លូវសំខាន់សម្រាប់ដឹកទំនិញចេញចូលរវាងទ្វីបអាស៊ីនិងអឺរ៉ុប ជាកន្លែងដែលជាង ១០% នៃទំនិញពិភពលោក និង ៧% នៃប្រេងរបស់ពិភពលោកត្រូវបានដឹកជញ្ជូនតាមទីនោះ។ ការជាប់គាំងនេះ បណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចពិភពលោករហូតដល់ជាង ៩ ពាន់លានដុល្លារក្នុងមួយថ្ងៃ ដែលធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាត Covid-19៕




អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


