យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រទេសថៃបានបាត់បង់ការងារក្នុងវិស័យទេសចរណ៍ប្រហែល ១.៤៥លានការងារ ក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ដែលចំនួននោះរាប់បញ្ចូលទាំង ៤០០,០០០កន្លែងនៅក្នុងត្រីមាសទី១ ខណៈដែលប្រទេសនេះ បានត្រៀមខ្លួនបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរ ដើម្បីព្យាយាមជួយសង្គ្រោះវិស័យដែលកំពុងជួបការលំបាក។
ប្រភពដដែលបានឲ្យដឹងថា វិស័យទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ប្រទេសថៃ ដែលជាទូទៅមានចំនួន ១១-១២% នៃផលិតផលក្នុងស្រុកសរុប។ ជាមួយគ្នានេះដែរ ការងារទេសចរណ៍មានចំនួន ៤.៥លានការងារ ក្នុងចំណោមកម្លាំងពលកម្មប្រហែល ៣៨ លាននាក់ មុនពេលមានជំងឺរាតត្បាត។

លោក Vichit Prakobgoson អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានប្រាប់សន្និសីទកាសែតថា ប្រទេសថៃអាចនឹងមានភ្ញៀវទេសចរណ៍បរទេស ៣លាននាក់នៅឆ្នាំនេះ ដោយស្ថិតក្រោមផែនការលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលបានទទួលវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 នៅតំបន់ខ្លះនៃប្រទេសនៅចុងឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនមានតែភ្ញៀវទេសចរបរទេសចំនួន ៦.៧ លាននាក់ប៉ុណ្ណោះដែលមកកម្សាន្តនៅប្រទេសថៃ ពោលគឺធ្លាក់ចុះពីជិត ៤០លាននាក់ក្នុងឆ្នាំ២០១៩ ដែលបានចំណាយថវិកាចំនួន ១.៩១ ទ្រីលានបាត។ ប៉ុន្តែសម្រាប់ឆ្នាំនេះ លោក Vichit បានព្យាករណ៍ថា ការចំណាយរបស់ភ្ញៀវទេសចរបរទេសនឹងមានតែចំនួន ១៥៦ ពាន់លានបាតប៉ុណ្ណោះ៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


