ថៃ នឹងបើកឲ្យភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ទៅកម្សាន្តនៅខេត្តចំនួន ៦ ចាប់ពីខែក្រោយនេះ
ទេសចរណ៍ March 27, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រទេសថៃ នឹងបើកឲ្យភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 រួចរាល់ទៅកម្សាន្តនៅខេត្តចំនួន ៦ ក្នុងប្រទេស ដែលនឹងចាប់ផ្ដើមនៅខែក្រោយនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងនោះ នៅតែត្រូវធ្វើចត្តាឡីស័ក ដោយការធ្វើចត្តាឡីស័កនោះ ត្រូវកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃសម្រាប់ពួកគេ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn កាលពីថ្ងៃសុក្របាននិយាយថា មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពសេដ្ឋកិច្ច (CESA) ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានអនុម័តលើផែនទីបង្ហាញផ្លូវ ៣ ដំណាក់កាលដើម្បីបើកឡើងវិញនូវខេត្តទេសចរណ៍សំខាន់ៗចំនួន ៦ នោះគឺំ Phuket, Krabi, Phangnga, Surat Thani (Koh Samui), Chon Buri (Pattaya) និង Chiang Mai សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច។

ជាមួយគ្នានេះលោក Phiphat បានបន្តថា ចាប់ពីខែកក្កដា ដល់ខែកញ្ញា អ្នកទេសចរដែលបានចាក់វ៉ាក់សាំង អាចមកកម្សាន្តនៅ Phuket ដោយមិនចាំបាច់ធ្វើចត្តាឡីស័កក្រោមកម្មវិធីដែលគេហៅថា “ Phuket Tourism Sandbox ” ដែលត្រូវបានធ្វើជាគំរូសម្រាប់បើកឧស្សាហកម្មទេសចរណ៍ឡើងវិញ។

ដូច្នេះហើយ Phuket នឹងក្លាយជាខេត្តដំបូងគេ ដែលលើកលែងលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំង ដែលជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការបើកប្រទេសឡើងវិញ។ ទន្ទឹមនឹងនេះដែរ ចាប់ពីខែតុលាដល់ខែធ្នូ កម្មវិធី “ Tourism Sandbox” របស់ Phuket នឹងត្រូវអនុវត្តចំពោះខេត្តទេសចរណ៍ចំនួន ៥ ផ្សេងទៀត ដើម្បីជាការចាប់ផ្ដើម ការបើកដំណើរការឡើងវិញពេញលេញនៃប្រទេសទេសថៃ ដែលត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំក្រោយ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost