រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ដល់កោះនរា ដើម្បីការពារការបាក់​ច្រាំង និងដោះស្រាយលំហូរចរាចរ
សេដ្ឋកិច្ច March 26, 2021 Khmernote

រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនី​វង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍកោះនរាក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភ័ណភាព ការពារការបាក់ច្រាំងទន្លេ។

(រូបតំណាង)

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីលើក កម្ពស់សោភ័ណភាព ការពារការបាក់​ច្រាំងទន្លេ ដោះស្រាយលំហូរចរាចរ និងរៀបចំសណ្តាប់ធ្នាប់នៅតាមច្រាំងទន្លេត្រើយខាងកើត ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់​អភិវឌ្ឍកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១តទៅ។

(រូបតំណាង)

ប្រភពដដែលបានឱ្យដឹងទៀតថា ដើម្បីឱ្យការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈខាងលើ ដំណើរការទៅ​ដោយ​រលូន ស្របតាមប្រតិទិនការងារដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូន​​ប្រជាពលរដ្ឋដែល​មានការពាក់ព័ន្ធនឹងដីចំណីទន្លេ ត្រង់ទីតាំងអនុវត្តគម្រោង ត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការ​ល្អដល់ក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចុះអនុវត្តការងារខាងលើ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹម​ជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងដីចំណីទន្លេ ត្រង់ទីតាំងអនុវត្តគ​ម្រោង​​ខា​ងលើ នឹងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យការអនុវត្តការងារស្ថាបនាផ្លូវ និងច្រាំងទន្លេនេះ ទទួលបានជោគជ័យ។

(រូបតំណាង)

បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌច្បារអំពៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អង្គភាពពាក់ព័ន្ធនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន