គិតត្រឹមថ្ងៃទី២៥ ខែនេះ រាជរដ្ឋាភិបាល ចំណាយអស់ ២៦លានដុល្លារហើយ សម្រាប់ឧបត្ថម្ភដល់កម្មករ និយោជិតដែលបាត់បង់ការងារ
សេដ្ឋកិច្ច March 26, 2021 Khmernote

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភប្រាក់ជូនកម្មករ និយោជិតដែលបាត់បង់ការងារ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍សរុបប្រមាណជា ២៦លានដុល្លារអាមេរិកហើយ។ ខណៈរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទើបនឹងប្រកាសបន្តបើកប្រាក់ឧបត្ថម្ភជូនដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍នេះ រយៈពេល ៣ខែបន្តទៀត គឺចាប់ពីខែមេសា រហូតដល់មិថុនា។

យោងតាមឯកឧត្តម គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ រោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលកំពុងព្យួរសរុបមានចំនួន ១៥៧រោងចក្រ សហគ្រាស ស្មើនឹងកម្មករនិយោជិតសរុបចំនួន ២៨,៥៩៧នាក់។ ដោយឡែកប្រសិនជាបូកយោង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មក មានរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលបានព្យួរមានចំនួនសរុប ៧៦៣ រោងចក្រ សហគ្រាស ស្មើនឹងកម្មករនិយោជិតសរុប ៣៨៩,២១៧នាក់។

សូមជម្រាបផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ៤០ដុល្លារក្នុងមួយខែសម្រាប់កម្មករ និយោជិត ដែលបាត់បង់ការងារម្នាក់ ខណៈនិយោជកតម្រូវឱ្យឧបត្ថម្ភជូនកម្មករ និយោជិតម្នាក់៣០ដុល្លារ។ ការសម្រេចបែបនេះ ដើម្បីជួយសម្រាលការលំបាក និងការចំណាយរបស់កម្មករ និយោជិត ដែលត្រូវបាត់បង់ការងារនោះ ដោយរាជរដ្ឋាភិបាល បានសម្រេចឧបត្ថម្ភថវិកានេះ តាំងពីខែឧសភា ឆ្នាំ២០២០មកម្ល៉េះ៕

ប្រភព៖ ក្រសួងព័ត៌មាន