ខណៈប្រទេសកំពុងរីកចម្រើនទៅមុខ វៀតណាមត្រៀមកើបលុយ ១០ ពាន់លានដុល្លារ ពីការនាំចេញបន្លែផ្លែឈើនៅឆ្នាំ ២០៣០
សេដ្ឋកិច្ច March 26, 2021 Khmernote

ប្រទេសវៀតណាមរំពឹងថា នឹងទទួលបានទឹកប្រាក់ពី ៨-១០ ពាន់លានដុល្លារ ពីការដឹកជញ្ជូនបន្លែផ្លែឈើទៅបរទេសដោយប្រាក់ចំណូលនៃផលិតផលកែច្នៃមានចំនួនយ៉ាងតិច ៣០% នៃចំនួនសរុបនៅឆ្នាំ ២០៣០ ។ ក្រោមគម្រោងអភិវឌ្ឍវិស័យកែច្នៃផ្លែឈើនិងបន្លែ ក្នុងកំឡុងឆ្នាំ ២០២១-២០៣០ ដែលត្រូវបានអនុម័តដោយលោកនាយករដ្ឋមន្រ្តីវៀតណាម បានកំណត់គោលដៅទាក់ទាញការវិនិយោគនៅក្នុងសហគ្រាសកែច្នៃផ្លែឈើនិងបន្លែ ចំនួន ៥០-៦០ និងកសាងក្រុម និងសហគ្រាសទំនើបជាច្រើន ប្រកបដោយសមត្ថភាពប្រកួតប្រជែងខ្លាំងពូកែ​។

ជាមួយគ្នានេះដើម្បីសម្រេចគោលដៅវៀតណាម នឹងវិនិយោគយ៉ាងខ្លាំងដើម្បីបង្កើនសមត្ថភាពកែច្នៃ ផ្តល់អាទិភាពដល់ការកែច្នៃបន្លែផ្លែឈើសំខាន់ៗ ដែលមានតម្លៃខ្ពស់ បង្កើតតំបន់វត្ថុធាតុដើម និងអភិវឌ្ឍទីផ្សារផលិតផល។ គម្រោងទាំងនេះបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីសាងសង់កន្លែងកែច្នៃនិងវេចខ្ចប់ ឃ្លាំងស្តុកទំនិញ និងដំឡើងឧបករណ៍ ដើម្បីកាត់បន្ថយការខូចខាតក្រោយប្រមូលផល។

ក្រៅពីនេះការទាក់ទាញការវិនិយោគ ក៏ជាការកត្តាសំខាន់ផងដែរ ដើម្បីធានាថារាល់ផលិតកម្ម និងផលិតផល នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនទំនើបៗនៅឆ្នាំ ២០៣០។ ទន្ទឹមនឹងនេះ ការជំរុញលើកទឹកចិត្តដល់អាជីវកម្មឱ្យវិនិយោគទៅជាមជ្ឈមណ្ឌលនាំចេញចំណីអាហារ នៅតំបន់ដាំដំណាំផ្លែឈើនិងបន្លែខ្នាតធំ នឹងជួយឲ្យផលិតផលរបស់ពួកគេបំពេញបានតាមស្តង់ដារអន្តរជាតិ ហើយប្រទេសនឹងជំរុញការកែច្នៃផលិតផលដែលពឹងផ្អែកខ្លាំង និងធ្វើពិពិធកម្មផលិតផលកែច្នៃ។

លើសពីនេះទៀតប្រទេសវៀតណាម នឹងបង្កើតតំបន់ដាំដុះផ្លែឈើនិងបន្លែឯកទេស ដែលអាចផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ប្រមាណ ៥-៦ លានតោនសម្រាប់ដំណើរការកែច្នៃនៅឆ្នាំ២០៣០៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus