គាំទ្រទេ?? ក្រសួងប្រៃសណីយ៍ កំពុងគ្រោងគិតគូរបង្កើត (App) មួយ ដែលអាចឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីតំបន់ដែលគ្មានសេវាទូរស័ព្ទ
សេដ្ឋកិច្ច March 25, 2021 Khmernote

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងគ្រោងគិតគូរបង្កើតអេប(App) មួយ ដែលអាចឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីតំបន់ដែលគ្មានសេវាទូរស័ព្ទ នេះបើយោងតាមការដកស្រង់ចេញពីការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ គម្រោងនៃការបង្កើត App នេះ គឺដើម្បីជួយឱ្យក្រសួងអាចក្តោបព័ត៌មានបានងាយស្រួល ជាពិសេសឱ្យស្របតាមចក្ខុវិស័យរបស់ក្រសួងផ្ទាល់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងកំពុងរកដំណោះស្រាយលើកត្តាជាច្រើនដែលធ្វើឱ្យសេវាទូរស័ព្ទខ្សោយ និងមិនមានគុណភាពល្អ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានសេវាទូរស័ព្ទ និងអ៉ីនធឺណិតល្អប្រសើរជាងមុន ដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ។

ឯកឧត្តម បានបន្តថា ក្រសួងបាននិងកំពុងគិតគូរពីការសង់ បង្គោល អង់តែនរួម គឺអនុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធរួម ដែលនៅពេលអនុក្រឹត្យនេះដាក់ចេញឱ្យអនុវត្តន៍ គឺបង្គោលអង់តែននេះ អាចឱ្យក្រុមហ៊ុនទូរស័ព្ទនិងអ៉ីនធឺណិតពី ៣ទៅ ៤ក្រុមហ៊ុន អាចមកបំពាក់ឧបករណ៍សេវារួមគ្នា ដោយធ្វើឱ្យតម្លៃមានការធ្លាក់ចុះ និងគុណភាពសេវាកាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះនៅតាមទីក្រុង ទីប្រជុំជន មានការកសាងសំណង់ខ្ពស់ៗជាច្រើន ធ្វើឱ្យសេវាទូរស័ព្ទខ្លះត្រូវបានបិទបាំង ដែលបញ្ជូនសេវាមានភាពរអាក់រអួល ។ ម្យ៉ាងទៀត បង្កោលអង់តែនមានគម្លាតឆ្ងាយៗពីគ្នាពេក និងអង់តែនខ្លះមានការកំណត់ចំនួនមនុស្សក្នុងការប្រើប្រាស់ ខណៈដែលបច្ចុប្បន្ននេះមានកំណើនអ្នកប្រើប្រាស់កើនឡើងច្រើន ក៏ធ្វើឱ្យសេវាមានភាពយឺតយ៉ាវផងដែរ ដែលបញ្ហាទាំងអស់នេះ ក្រសួងត្រូវតែដោះស្រាយជាបន្តបន្ទាប់ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន