ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្រោយពីដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន
សេដ្ឋកិច្ច March 24, 2021 Khmernote

រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងថា ស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់-ក្រូចឆ្មារ ដែលឆ្លងកាត់ ទន្លេមេគង្គ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្រោយពីដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ដោយប្រជាពលរដ្ឋកាន់តែមាន ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ពិសេសកសិករបានដឹកជញ្ជូនកសិផលរបស់ខ្លួនទៅកាន់ទីផ្សារបានកាន់តែលឿន រហ័ស។

ក្នុងការចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងដាក់ដំណើការជាបណ្តោះអាសន្ននៅថ្ងៃទី២៣ ខែមីនានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ថ្ងៃនេះឯកឧត្តម បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ជាពិសេសពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលមានការកកស្ទះសាឡាងពីពេលមុន ហើយពេលនេះប្រជាពលរដ្ឋបានធ្វើដំណើរ ងាយស្រួលនិងមិនបាច់រង់ចាំសាឡាងដូចពីពេលមុនឡើយ ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ស្ពាននេះគឺធ្វើបានល្អខ្លាំងណាស់ ចប់មុនផែនការដែលបានគ្រោងទុក ដែលត្រូវចប់នៅក្នុងខែ ឧសភា ប៉ុន្តែការសាងសង់បានបញ្ចប់នៅត្រឹមខែមីនា ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ ។

សំឡេង៖”សូមអបអរសាទរនិងសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានឯកភាពឱ្យបើកស្ពាននេះ ឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ ពីពេលនេះតទៅជាបណ្តោះអាសន្ន ដោយរង់ចាំពេលវេលាសមស្រប សម្តេចតនឹងអញ្ជើញមកសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវស្ពាននេះ និងបើកការដ្ឋានសាងសង់ផ្លូវលេខ៧១សេ ដែលតភ្ជាប់ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ទៅចំការលើ និងទៅផ្លូវលេខ៧ ក្នុងការតភ្ជាប់ស្ពានរបស់យើងទៅផ្លូវលេខ៧១សេ ” ។

ឯកឧត្តមបានបញ្ជាក់ថា ចំពោះសាឡាងដែលប្រើប្រាស់នៅកន្លែងស្ទឹងត្រង់-ក្រូចឆ្មារនេះ និងបង្វែរ ទៅប្រើប្រាស់នៅខេត្ត កំពង់ឆ្នាំង ដើម្បីឆ្លងពីទីរួមខេត្តទៅកំពង់លែង តភ្ជាប់ផ្លូវ៥០សេ ដោយសារតំបន់នោះមិនទាន់មានស្ពានឆ្លងកាត់នៅឡើយទេ ។

គូរជម្រាបថា ស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ស្ពាននេះមានបណ្តោយប្រវែង ១,១៣១ម៉ែត្រ ទទឹងប្រវែង១៣,៥០ម៉ែត្រ ចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា ៕

ប្រភព៖ ក្រសួងព័ត៌មាន