អរគុណមិត្តចិន! ក្រៅពីជំនួយជាវ៉ាក់សាំង ចិនផ្ដល់បរិក្ខាតេស្តរកជំងឺកូវីដ-១៩ ខ្នាតធំមួយគ្រឿង ដែលអាចជួយឲ្យកម្ពុជាបង្កើនល្បឿនតេស្តរកវីរុស ជួយសន្សំថវិកា និងកិច្ចប្រយុទ្ធប្រឆាំងកាន់តែល្អប្រសើរ
សេដ្ឋកិច្ច March 24, 2021 Khmernote

ខណៈពេលដែលកម្ពុជាកំពុងត្រូវបានរាតត្បាតដោយវីរុសកូវីដ-១៩ សាជាថ្មី ប្រទេសចិនហាក់មិននៅស្ងៀមឡើយ ដោយយោងតាមការបង្ហោះរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាមុននេះបន្តិចបានឲ្យដឹងថា បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននឹងមកដល់ខេត្តព្រះសីហនុនាដើមខែមេសាខាងមុខនេះ។ ជាមួយគ្នានេះ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការតំឡើង រៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធ។

ទន្ទឹមនឹងនេះស្ថានទូតចិនក៏បញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ និងសំណាកទាំងនៅខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះនឹងត្រូវបានបញ្ជូនមកកាន់ខេត្តព្រះសីហនុ ដែលនេះនឹងអាចជួយដល់ភាគីកម្ពុជាក្នុងការបង្កើនល្បឿនតេស្តរកជំងឺវីរុស ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសអាចអនុវត្តកាន់តែល្អប្រសើរ។

សូមជម្រាបផងដែរថា ចាប់តាំងពីកម្ពុជាផ្ទុះវីរុសកូវីដ-១៩ លើកដំបូង និងបន្តរាតត្បាតមកដល់ពេលនេះ ប្រទេសចិនដែលជាមិត្តដែកថែបបានផ្ដល់ជំនួយជាច្រើនរាប់មិនអស់មានទាំង​ថវិកា គ្រឿងបរិក្ខារពេទ្យ ម៉ាស់ វ៉ាក់សាំង ជាពិសេសទៅទៀតនោះគឺបានបញ្ជូនក្រុមគ្រូពេទ្យជំនាញមកបណ្ដុះបណ្ដាល ដើម្បីទប់ស្កាត់ការរីករាលដាល ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នៅកម្ពុជា៕

អត្ថបទ៖ លីនី