រាជរដ្ឋាភិបាល អំពាវនាវឱ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ បន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩
សេដ្ឋកិច្ច March 23, 2021 Khmernote

រាជរដ្ឋាភិបាល អំពាវនាវឱ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ បន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ដល់ប្រជាពលរដ្ឋ ដែលបានទិញផ្ទះ និងខុនដូរ ក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ដោយទទួលបានអនុសាសន៍ ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈម នៃវិស័យ អចលនវត្ថុ ក្នុងបរិបទនៃការរីករាលដាល ជំងឺកូវីដ-១៩ និងវិធានការ អនុគ្រោះផ្សេងៗ ដល់អ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។

សេចក្តីប្រកាសបន្ដថា ក្នុងស្ថានភាពបច្ចុប្បន្ន នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរបស់ ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយ បញ្ហាសម្ពាធហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ ជាអ្នកទិញអចលនវត្ថុ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ធ្វើការអំពាវនាវ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ដូចជា៖

ទី១. ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយ លក្ខខណ្ឌបង់រំលស់ ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។
ទី២.លើកលែង ការផាកពិន័យ ចំពោះអ្នកទិញ អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវ មិនបានបង់ប្រាក់ តាមកាលកំណត់។
ទី៣. មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែម ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់រំលស់។
ទី៤. ដាក់ចេញនូវគោល នយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួន លើការបង់រំលស់អចលនវត្ថុក្នុងបុរី និង អគារសហកម្មសិទ្ធិនានា។
ទី៥. អនុវត្តវិធានការទាំងនេះ ឱ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២ ៕

ប្រភព៖ ក្រសួងព័ត៌មាន