ទោះស្ថិតក្នុងវិបត្តិកូវីដ តែដំឡូងមីមានតម្លៃខ្ពស់ជាងឆ្នាំទៅ ហើយកសិករក្នុងខេត្តមួយកំពុងមមាញឹកក្នុងការប្រមូលផល
សេដ្ឋកិច្ច March 23, 2021 Khmernote

ប្រជាកសិករនៅក្នុងខេត្តសៀមរាបកំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី ដែលលក់បានថ្លៃគួរសមបើធៀបនឹងឆ្នាំមុន ។ លោកមី ត្រើយ រស់នៅភូមិជ្រនាង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមប្រកបមុខរបរដាំដំឡូងមីរយៈពេលប្រមាណ៥ឆ្នាំមកហើយ ដើម្បីរកប្រាក់ ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។លោកបន្តថា ឆ្នាំនេះផ្ទៃដីសម្រាប់ដាំដុះដំឡូងមីមាន ប្រមាណ៣ហិកតា តាមការប៉ាន់ស្មានក្នុង១ហិកតាអាចប្រមូលផលបានប្រមាណ៥ទៅ៦តោន និងអាចលក់ចេញក្នុង១គីឡូក្រាមបានជាង៨០០រៀល ដែលអាចទទួល បានតម្លៃគួរសមជាងឆ្នាំមុន។

លោកបន្តថា ដំឡូងមីជាដំណាំមួយប្រភេទ ដែលត្រូវចំណាយពេលវេលាពី៥ទៅ៦ខែទើបអាចប្រមូលផលបាន និងមានការ លំបាកច្រើន ក្នុងការថែទាំជាងដំណាំផ្សេងៗ ដូចជាការប្រើប្រាស់ថ្នាំសម្រាប់ថែបំប៉ន និងជាពិសេសត្រូវប្រឈមលើជំងឺផ្សេងៗ។

“ឆ្នាំមុនខ្ញុំលក់បានតែ១គីឡូ៥០០រៀលទេ ដល់ឆ្នាំនេះបាន៨០០រៀល៨៥០រៀល គឺ១ហិកតាបាន៥ទៅ៦តោននេះឯង មានអារម្មណ៍ថាសប្បាយ តែធ្វើដំឡូងវាលំបាកដែរ “។

សូមជម្រាបថាដំឡូងមីបានក្លាយជារបរចិញ្ចឹមជីវិតដ៏សំខាន់មួយ សម្រាប់កសិករខ្នាតតូចជាច្រើនគ្រួសារនៅកម្ពុជា ខណៈរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ២០២០ កម្ពុជា បាននាំចេញដំឡូងមីស្រស់ទៅទីផ្សារវៀតណាម និងថៃ សរុប ១,៧៨០,៤៩៦ តោន និងចំណិតដំឡូងមីក្រៀមចំនួន ១,២០២,៦៤៤តោន។ កម្ពុជាក៏បាន នាំចេញម្សៅដំឡូងមី ១២,០០២ តោន ទៅប្រទេសឥណ្ឌា ចិន បែលហ្ស៊ិក ហូឡង់ ប៉ាគីស្ថាន ឆែក ក្រូអាស៊ី និងអ៊ីតាលី៕

ប្រភព៖ ក្រសួងព័ត៌មាន