រាជធានីភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២២ខែមីនានេះថា ការដ្ឋានស្ថាបនាមហាវិថីថ្មីចាប់ពីផ្លូវ១០០៣ កាត់តាមហ្គ្រេនភ្នំពេញ ដល់មហាវិថី ឈ្នះ ឈ្នះ ស្ថិតក្នុងខណ្ឌឫស្សីកែវសម្រេចបាន៩០ភាគរយហើយ ពេលនេះក្រុមការងារកំពុងមមាញឹកក្នុងការតម្លើងបង្គោលភ្លើង និងដាំផ្កាលេីសួនច្បារចំកណ្តាល។
លោកបន្តថា មហាវិថីថ្មីនេះ មានទទឹង៣០ម៉ែត្រ បណ្តោយផ្លូវជិត៦គីឡូម៉ែត្រចាប់ពីផ្លូវ១០០៣ ដល់មហាវិថី ឈ្នះ ឈ្នះ ជាសមិទ្ធផលថ្មីមួយទៀតនៅរាជធានីភ្នំពេញ ដែលនឹងជួយសម្រួលចរាចរណ៍ដ៏សំខាន់ជូនប្រជាពលរដ្ឋ ជាពិសេសជួយរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ បានឱ្យដឹងទៀតថា សម្រាប់ពេលនេះក្រុមការងារកំពុងតម្លើងបង្គោលភ្លេីងលេីមហាវិថីថ្មីទទឹង៣០ម៉ែត្រ ចាប់បុរីអង្គរ ដល់ផ្លូវមុខហ្រ្គេនភ្នំពេញ ចំនួន១០០បង្គោលសិន នឹងបន្តទៅទៀតនៅពេលផ្លូវស្ថាបនារួច ចំណែកសួនច្បារនៅចំកណ្តាលផ្លូវ ក៏ក្រុមការ ងារបាន និងកំពុងដាំផ្កាយ៉ាងសស្រាក់សស្រាំផងដែរ ។

សូមបញ្ជាក់ថា មហាវិថីថ្មីនេះ ត្រូវបានស្ថាបនាឡើងជា ២ជំហាន គឺជំហានទី១ ចាប់ពីផ្លូវលេខ១០០៣ រហូតដល់មុខហ្គ្រេនភ្នំពេញ (Grand Phnom Penh) និងបន្តពីហ្គ្រេនភ្នំពេញរហូតទៅដល់មហាវិថីឈ្នះឈ្នះ ដែលមានទទឹង៣០ម៉ែត្រ មានសួនច្បារនៅចំកណ្ដាល ជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ ។ ការដ្ឋាននេះ បើគិតមកដល់ ពេលនេះសម្រេចបាន ប្រមាណ ៩០ភាគរយហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដ្ឋាននេះក៏នៅមានបញ្ហាប្រឈមនៃ ផលប៉ះពាល់មួយចំនួនផងដែរ នោះគឺប្រជាពលរដ្ឋប្រមាណ ២០០គ្រួសាររស់នៅលើទ្រូងផ្លូវនេះ។

គួររំលឹកថា ការដ្ឋាននេះបានចាប់ផ្តើមការសាងសង់កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមហាវិថីថ្មីនេះ ជាប្រភេទផ្លូវភ្លោះ មានប្រវែង ៥,៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេ កម្រាស់ ២០សង់ទីម៉ែត្រ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រ សួនកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេទិស មាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក និងដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១,៧២០ម៉ែត្រ ព្រមទាំងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន៨កន្លែងផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន


