យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី ២២ ខែមីនា នេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៥៧៤,២៣០ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគម្រោងជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គភាពទទួលជំនួយ កាលពីចុងសប្តាហ៍នេះ តាមរយៈប្រព័ន្ធប្រៃសណីយ៍ពីចម្ងាយ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងថា ថវិកាទាំងនេះ ត្រូវបានបែងចែកទៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន ចំនួន ២១៧,៨៤៥ដុល្លារ សម្រាប់ការសាងសង់ស្ថានីយ៍បូមទឹកមួយ សំណង់បង្ហៀរទឹកមួយ និងលូប្រអប់ពីរ និងការស្តារប្រឡាយទឹកមួយកន្លែងដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ផ្នែកកសិកម្ម និងដើម្បីលើកកម្ពស់គុណភាព និងបរិមាណផលិតផលកសិកម្មនៅក្នុងមូលដ្ឋាន។

ចំណែក ថវិកាចំនួន ១៦៩,៧២០ដុល្លារ ផ្តល់ទៅឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សម្រាប់សាងសង់ឃ្លាំងស្តុកស្វាយចន្ទីចំនួន៣ កន្លែងសង្ងួតចំនួន៤ និងឧបករណ៍វាស់សំណើមសម្រាប់គ្រាប់ស្វាយចន្ទីឆៅ និងកែច្នៃចំនួន៤គ្រឿង នៅក្នុងសហករណ៍កសិកម្មចំនួន ៤ក្នុងតំបន់ក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃម្ហូបអាហាររបស់ប្រទេសកម្ពុជា និងថវិកាចំនួន ១៨៦,៦៦៥ដុល្លារទៀត ផ្តល់ទៅឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង សម្រាប់គម្រោងកែលម្អផ្លូវនៅក្នុងស្រុករំដួល ប្រវែង៦គីឡូម៉ែត្រ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញដោយរលូន រវាងកម្ពុជានិងវៀតណាម។

ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា ជំនួយទាំងនេះ គឺផ្អែកលើការប្តេជ្ញាចិត្តនៅក្នុងសេចក្តីថ្លែងការណ៍របស់សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៣ កាលពីខែកក្កដា ឆ្នាំ២០២០ ក្នុងការអនុវត្តជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមគូសាណូណិមេគង្គសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ដែលមានទឹកប្រាក់សរុបប្រមាណ ៩១លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅតាមភូមិស្រុកថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ៕

ប្រភព៖ ក្រសួងព័ត៌មាន


