ទុក្ខជាន់ទុក្ខ! មីយ៉ាន់ម៉ានឹងវឹកវរកាន់តែខ្លាំងឡើងដោយសារការឡើងថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ បន្ថែមពីលើជំងឺរាតត្បាតកូវីដ និងវិបត្តិនយោបាយ
សេដ្ឋកិច្ច March 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkok Post បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាប្រឈមមុខនឹងភាពវឹកវរកាន់តែខ្លាំងឡើង ដោយសាររដ្ឋប្រហារយោធាបានផ្ទុះឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ។ មកទល់ពេលនេះពលរដ្ឋមីយ៉ាន់ម៉ា កំពុងរងគ្រោះដោយសារភាពវឹកវរជាពិសេសដោយសារតម្លៃស្បៀងអាហារបានហក់ឡើងខ្ពស់ ធនាគារត្រូវបានបិទ អ៉ីនធឺណេតបានផ្ដាច់ ហើយអាជីវកម្មបានបញ្ឈប់ប្រតិបត្តិការចំពេលមានការភ័យខ្លាចពីអំពើហិង្សាកាន់តែច្រើន។

ប្រភពដដែលបាន​បន្តថា ក្រៅពីភាពវឹកវរទាំងនោះ រោងចក្រចិននៅទីក្រុងយ៉ាំងហ្គោន ត្រូវបានដុតបំផ្លាញ ដែលសកម្មភាពទាំងនេះអាចនាំឱ្យវិនិយោគិនបរទេសយ៉ាងច្រើនចាកចេញពីប្រទេស​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលការចាកចេញនោះអាចធ្វើឱ្យកម្មករមីយ៉ាន់ម៉ារាប់ពាន់នាក់គ្មានការងារធ្វើ។

ប៉ុន្តែទោះបីជាយ៉ាងណាក្ដី​ ផលប៉ះពាល់ដំបូងនិងធ្ងន់ធ្ងរបំផុត ចំពោះប្រជាជនទូទៅ គឺការឡើងថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈនេះបើយោងតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ។ ជាក់ស្ដែងលោក Stephen Anderson នាយក (WFP) ប្រចាំមីយ៉ាន់ម៉ាបានព្រមានកាលពីថ្ងៃអង្គារថា៖ « សញ្ញាដំបូងទាំងនេះកំពុងតែធ្វើឱ្យមានបញ្ហា ជាពិសេសសម្រាប់អ្នកដែលងាយរងគ្រោះបំផុតដែលកំពុងរស់នៅជាមួយការខ្វះខាត » ។

លោកបាបន្តថា៖ « ខណៈពេលដែលប្រទេសក៏កំពុងស្ថិតនៅចំណុចកំពូលនៃជំងឺរាតត្បាត Covid-19 ប្រសិនបើនិន្នាការតម្លៃទាំងនេះនៅតែបន្តកើនឡើង នឹងធ្វើឲ្យប្រជាជនក្រីក្រ ក៏ដូចជាអ្នកដែលងាយរងគ្រោះបំផុតមិនមានអាហារទទួលទាននៅក្នុងក្រុមគ្រួសារ » ។

ជាក់ស្ដែងតម្លៃលក់រាយប្រេងដូង បានកើនឡើង ២០% ចាប់តាំងពីដើមខែកុម្ភៈ នៅទីក្រុងយ៉ាំងហ្គោន ខណៈពេលដែលតម្លៃអង្ករនៅទីនោះ និងតំបន់នៅម៉ាន់ដាឡេឡើង ៤% ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ។ ហើយនៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរដ្ឋកាឈិនភាគខាងជើងបំផុត ស្រូវកើនឡើង ៣៥%។

ទន្ទឹមនឹងនេះដែរតម្លៃប្រេងឥន្ធនៈបានកើនឡើង ១៥% ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភះ ខណៈនៅតំបន់រ៉ាឃីនភាគខាងជើងប្រេងសាំងបានឡើងថ្លៃ ៣៣% ហើយប្រេងចម្អិនអាហារបានឡើង ២៧% ចាប់ពីខែមករា ដល់ខែកុម្ភៈ។

គួរបញ្ជាក់ផងដែរថា មុនពេលមានវិបត្តិនយោបាយបច្ចុប្បន្ន ជំងឺរាតត្បាតបានបណ្តាលឱ្យមានការបិទទ្វាររោងចក្រ និងការបាត់បង់ការងារជាច្រើនដោយសារតែការជាប់គាំង។ លើសពីនេះទៀតមានការធ្លាក់ចុះប្រាក់សំណងពីពលករមីយ៉ាន់ម៉ាដែលកំពុងជាប់គាំងនៅបរទេស។

យោងតាមកម្មវិធីស្បៀងអាហារពិភពលោក មុនពេលមានរោគរាតត្បាតគ្រួសារចំនួន ៦ ក្នុងចំនោម ១០ គ្រួសាររបស់មីយ៉ាន់ម៉ាមិនអាចមានតំរូវការជីវជាតិបំប៉ន។ ភាពក្រីក្របានកើនឡើងបន្ថែមទៀតដោយសាររងផលប៉ះពាល់ដោយវីរុស Covid-19 ហើយនៅពាក់កណ្តាលឆ្នាំ២០២០ គ្រួសារចំនួន ៤ ក្នុងចំណោម ៥ បានរាយការណ៍ថា ពួកគេបានបាត់បង់ជិតពាក់កណ្តាលនៃប្រាក់ចំណូលរបស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost