ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងធានាភាពទាក់ទាញភ្ញៀវទេចរបរទេសមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាមកកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលមានវិបត្តិនៃវីរុសកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់គោលនយោបាយលើការលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស នូវការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នេះបើយោងតាមជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ស្ដីពីការអនុវត្តគោលនយោបាយលើកទឹកចិត្ត នៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កាលពីពេលថ្មីៗនេះ។
បើតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថាន បានឲ្យដឹងដូច្នេះថា គិតចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានអនុវត្តដូចខាងក្រោម៖
ក. ប្រភេទបណ្ណធម្មតា
១. ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០១ថ្ងៃ អាចចូលទស្សនាបានរយៈពេល ០២ថ្ងៃ
២. ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល ០៥ថ្ងៃ
៣. ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល ១០ថ្ងៃ
ខ. ប្រភេទបណ្ណរយៈពេលវែង (ភ្ញៀវបរទេសដែលមានទិដ្ឋការរយៈពេលចាប់ពី ៣ខែឡើងទៅ)
១. ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០១ខែ អាចចូលទស្សនាបានរយៈពេល ០២ខែ
២. ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៣ខែ អាចចូលទស្សនាបានរយៈពេល ០៦ខែ
៣. ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៦ខែ អាចចូលទស្សនាបានរយៈពេល ១២ខែ

សូមបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចពន្យាររយៈពេលចូលទស្សនាតំបន់អង្គរសម្រាប់ភ្ញៀវទេសចរបរទេសម្ដងរួចមកហើយ។ កាលពន្យារនោះ គឺដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា កាន់តែបានច្រើនថ្ងៃ ស្របពេលដែលវិស័យទេសចរណ៍នៅក្នុងតំបន់ និងប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺ ខូវិដ-១៩ ដោយសារតែភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍បានផ្អាក ឬលុបចោលការធ្វើដំណើរទេសចរណ៍របស់ខ្លួន ពិសេសជនជាតិចិន៕


អត្ថបទ៖ លីនី


