ដំណឹងរីករាយ! ប្រឡាយមេទួលពង្រដំណេីរការស្តារបាន ៧០%ហើយ ដោយអាចកាត់បន្ថយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះបានមួយកំរិតធំ
សេដ្ឋកិច្ច March 19, 2021 Khmernote

បន្ទាប់ពីប្រទេសកម្ពុជាកាលពីឆ្នាំ២០២០ កន្លងទៅ បានជួបគ្រោះទឹកជំនន់ដ៏ធំមួយ ក្នុងនោះមិនត្រឹម​តែនៅតាមបណ្ដាខេត្តមួយចំនួនទេ ផ្នែកខ្លះនៃរាជធានីភ្នំពេញក៏ត្រូវលិចលង់ដែរ។ យ៉ាងណាមិញ ក្រោយលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញបានខិតខំយ៉ាងខ្លាំងដោះស្រាយបញ្ហា ដើម្បីបញ្ជៀសក៏ដូចជាកាត់បន្ថយហានិភ័យនៃការជន់លិចនៅក្នុងឆ្នាំនេះ។

ជាក់ស្ដែង យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹង ដំណេីរការស្តារប្រឡាយមេទួលពង្រសម្រេចបាន ៧០%ហើយ ដោយអាចកាត់បន្ថយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះបានមួយកំរិតធំ។

ជាមួយគ្នានេះ លោក​ ដួង​ ចាន់​សារ៉ាត់​ ប្រធាន​អង្គភាព​លូ​ទឹក​នៃមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ ដោយមានការណែនាំនិងចង្អុលបង្ហាញរបស់​ឯកឧត្តម​ ឃួងស្រេង​ អភិបាលរាជធានីភ្នំពេញ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ដែល​មានទំហំ៨ ម៉ែត្រ និងជម្រៅ ២ម៉ែត្រ មានប្រវែង៦០០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៣ ដល់ប្រឡាយព្រែកហារ ដោយមានការសហការពីមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិសែនជ័យ ជាលទ្ធផលស្តារ បាន៧០% ហើយ។

លោកបន្តថា​ ប្រឡាយនេះមានតួនាទីបង្ហូរទឹក រំដោះទឹកជនន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រ​ខណ្ឌមានជ័យ ទៅកាន់បឹងជេីងឯក និង​បន្តហូរទៅកាន់ស្ទឹងជ្រៅ ហើយនៅពេលគម្រោងការនេះបញ្ចប់អាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះបានមួយកំរិតធំ។ គួរជម្រាបផងដែរថា កាលពីឆ្នាំ២០២០ កន្លទៅ ផ្នែកមួយចំនួននៅក្នុងរាជធានីភ្នំពេញត្រូវបានជន់លិចយ៉ាងខ្លាំង ដោយជំនន់ទឹកភ្លៀង ដែលបានបំផ្លាញទាំងទ្រព្យសម្បត្តិ ក៏ដូចជាពេលវេលាប្រកបរបររកស៊ី និងធ្វើការងាររបស់ប្រជាពលរដ្ឋមិនតិចឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន