វៀតណាមសំណាងណាស់ ខណៈក្រុមហ៊ុន Alibaba នឹងជួយអាជីវកម្មវៀតណាមបង្កើនការនាំចេញ តាមរយៈការផ្សព្វផ្សាយផលិតផលវេទិការ
សេដ្ឋកិច្ច March 17, 2021 Khmernote

ក្រុមហ៊ុនពាណិជ្ជ​កម្មអេឡិចត្រូនិកចិន Alibaba នឹងជួយអាជីវកម្មវៀតណាមបង្កើនការនាំចេញរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា Alibaba ចង់ឲ្យមានសហគ្រាសធុនតូច និងធុនមធ្យមរបស់វៀតណាមចំនួនជាង ១០,០០០ សហគ្រាសលក់នៅលើវេទិការបស់ខ្លួននៅឆ្នាំ ២០២៥ ។

លោក Vu The Tung ប្រធានផ្នែកទំនាក់ទំនង និងអភិវឌ្ឍន៍ជំនួញរបស់រដ្ឋាភិបាល ដែលបានបង្ហើបឲ្យដឹងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មវៀតណាមកាលពីថ្ងៃអង្គារបាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងជួយអាជីវកម្មវៀតណាមបង្កើនការនាំចេញរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយផលិតផលរបស់ពួកគេ។

គួររម្លឹកថា ក្រោយចុះហត្ថលេខារួចរាល់ ដៃគូទាំងពីរបានដំណើរការកម្មវិធីបណ្តុះបណ្តាលចាប់តាំងពីខែសីហាឆ្នាំមុន ដើម្បីបង្កើនសមត្ថភាពអាជីវកម្មរបស់វៀតណាមក្នុងការចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ លោកស្រី Vu Thi Minh Thuy ប្រធានមជ្ឈមណ្ឌលអនុវត្តបច្ចេកវិទ្យាព័ត៌មានរបស់ទីភ្នាក់ងារបាននិយាយថា តាមរយៈកម្មវិធីបណ្តុះបណ្តាលជាង ៣០០ក្រុមហ៊ុន បានផ្តល់ការប្រឹក្សាយោបល់ក្នុងការលក់តាមអ៊ិនធរណេត។

លោកស្រីបានបន្ថែមថា វិស័យកសិកម្ម វារីវប្បកម្ម វេចខ្ចប់ចំណីអាហារ និងក្រុមហ៊ុនវេចខ្ចប់ បានត្រៀមរួចរាល់ដើម្បីលក់នៅលើវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ Alibaba បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលកាលពីខែតុលា ហើយភាគីទាំងពីរសង្ឃឹមថា នឹងមានសហគ្រាសវៀតណាមចំនួន ១២០០ នៅលើវេទិការនៅចុងឆ្នាំ២០២១ នេះ។

ទន្ទឹមនឹងនេះដែរ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Do Thang Hai ដែលបានសាទរចំពោះការគាំទ្ររបស់ Alibaba បាននិយាយថា៖ « ទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មវៀតណាម និង Alibaba នឹងបន្តស្វែងរកសហគ្រាសចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងបង្កើតការទទួលស្គាល់សម្រាប់យីហោរបស់វៀតណាមលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ Alibaba ។ លើសពីនេះពួកគេ ក៏គ្រោងបង្កើតផ្នែកផ្តាច់មុខសម្រាប់ផលិតផលវៀតណាមនៅលើគេហទំព័រ Alibaba ផងដែរ »៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress