ឥណ្ឌូនេស៊ី នឹងផ្តល់ការលើកលែងពន្ធរយៈពេល ១០ឆ្នាំ ដល់វិនិយោគិននៅក្នុងវិស័យរថយន្តអគ្គិសនី
សេដ្ឋកិច្ច March 17, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី គ្រោងនឹងផ្តល់ការលើកលែងពន្ធរយៈពេល ១០ ឆ្នាំដល់វិនិយោគិនថ្មីនៅក្នុងវិស័យរថយន្តអគ្គិសនី (EV)។ ការជម្រុញនេះអនុវត្តចំពោះវិនិយោគិនដែលចង់សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ជាមួយនឹងតម្លៃវិនិយោគអប្បបរមា ៥ទ្រីលានរូពី (៣៤៧.២២ លានដុល្លារ)។

ប្រភពដដែលបានបន្តឲ្យដឹងថា គោលនយោបាយថ្មីដែលប្រកាសដោយអគ្គនាយកពន្ធដារ គឺលោក Suryo Utomo នៅក្នុងសវនាការមួយនៅសភាឥណ្ឌូណេស៊ីកាលពីថ្ងៃទី ១៥ ខែមីនា។ លោកបានមានប្រសាសន៍ថា សម្រាប់រថយន្តអគ្គិសនីដែលប្រើអាគុយពេញលេញ ពន្ធប្រណិតនៅតែសូន្យភាគរយ ហើយសម្រាប់រថយន្តកូនកាត់ត្រូវបានស្នើសុំឲ្យមានអត្រាពន្ធ ៥ ភាគរយ។

ជាមួយគ្នានេះប្រធានទីភ្នាក់ងារគោលនយោបាយសារពើពន្ធលោក Febrio Kacaribu បានពន្យល់ថា ការលើកទឹកចិត្តទាំងនេះត្រូវបានផ្តល់ដោយរដ្ឋាភិបាលដើម្បីជំរុញការលក់ និងការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេស ស្របពេលដែលប្រទេសដទៃទៀតរួមមាន ប្រទេសចិន ជប៉ុន អង់គ្លេស និងអាល្លឺម៉ង់ ក៏ផ្តល់ការលើកទឹកចិត្តក្នុងការជំរុញការលក់រថយន្តអគ្គិសនីដែរ។

គួរបញ្ចាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ីមានបំណងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី សម្រាប់អាស៊ី និងលើសគោលដៅដែលមានដោយគោលដៅចាប់ផ្តើមផលិតកម្មនៅឆ្នាំ២០២២ និងបង្កើនចំណែកទីផ្សារដល់ ២០% នៃផលិតកម្មរថយន្តសរុបនៅឆ្នាំ ២០២៥៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus