យោងទៅតាមការស្ទង់មតិដោយសាកលវិទ្យាល័យ Suan Dusit Rajabhat បានឲ្យដឹងថា ប្រជាជនថៃមានបញ្ហាច្រើនជាមួយនឹងបំណុលនិងភាពគ្មានការងារធ្វើ ចាប់តាំងពីវីរុស Covid-19 បានចាប់ផ្តើមផ្ទុះឡើង និងរាតត្បាតនៅក្នុងប្រទេសក៏ដូចជានៅលើពិភពលោក ដែលបង្ខំឱ្យពួកគេកែប្រែរបៀបរស់នៅ។ ការស្ទង់មតិរបស់សាកលវិទ្យាល័យនេះ ត្រូវបានធ្វើឡើងតាមអ៉ីនធឺណេតលើប្រជាជនចំនួន ១,១៨៤ នាក់នៅទូទាំងប្រទេសក្នុងកំឡុងថ្ងៃទី ៩-១២ ខែមីនា ដោយអ្នកឆ្លើយសំណួរត្រូវបានអនុញ្ញាតឱ្យជ្រើសរើសចម្លើយច្រើនជាងមួយ ចំពោះសំណួរនីមួយៗ។
ជាលទ្ធផល នៅពេលសួរថាតើបញ្ហាអ្វីខ្លះបានកើនឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាតនោះ ៧៥.៤១% បានលើកឡើងពីបំណុលគ្រួសារនិងបំណុលផ្ទាល់ខ្លួន។ ខណៈ ៦៩.៩៦% សមាជិកគ្រួសារបាត់បង់ការងារ ហើយ ៦៧.១៩ មានជំងឺធ្លាក់ទឹកចិត្ តនិងភាពតានតឹង; ៣៦.០២% មានជម្លោះ និងការមិនចុះសម្រុង; និង ៣០.៣០% បានលែងលះ និងបែកគ្នា។

ដោយឡែកចំពោះផ្នែកវិជ្ជមានវិញ ៧០.២៨% បាននិយាយថា វីរុស Covid-19 បានធ្វើឲ្យពួកគេមានការគិតកាន់តែច្បាស់អំពីរបៀបរស់នៅរបស់ពួកគេ ខណៈ ៦៦.៦១% មានពេលច្រើនដើម្បីចំណាយជាមួយអ្នកដទៃ , ៦៣.២៨% មានពេលច្រើននៅផ្ទះ, ៥១.៣២% មានពេលសម្រាកច្រើន និង ៤៩.៣៦% មានពេលច្រើនសម្រាប់សកម្មភាពសង្គម។

ទន្ទឹមនឹងនោះដែរ នៅពេលសួរថាតើសមាជិកគ្រួសាររបស់ពួកគេធ្វើអ្វីខ្លះក្នុងយុគសម័យ Covid-19, ៧៥.១៧% បាននិយាយថា ពួកគេថែរក្សាសុខភាពរបស់ពួកគេឲ្យបានល្អប្រសើរ, ៦៧.៣១% និយាយថា ពួកគេបានតាមដានព័ត៌មានរបស់ Covid-19 និង ៥៧.០៩% បាននិយាយថា ពួកគេបានរៀនទប់ទល់នឹងភាពតានតឹង។
លើសពីនេះ នៅពេលសួរថាតើក្រុមគ្រួសាររបស់ពួកគេបានធ្វើអ្វីខ្លះតិចជាងមុន ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ៦៣.៧៧% បានលើកឡើងពីការធ្វើដំណើរ; ៦២.៤២% បរិភោគក្រៅ; និង ៤៤.៥១% រកប្រាក់បាន។ ជាងនេះទៅទៀតនោះ នៅពេលដែលឲ្យពួកគេលើកឡើងពីបញ្ហានៅក្នុងគ្រួសារ ៤៤.២៧% បានឡើកឡើងពីប្រាក់ចំណូលមិនគ្រប់គ្រាន់ និងចំណាយបន្ថែម ខណៈ ២០.៣១% មានការភ័យខ្លាចនៃការឆ្លងមេរោគ Covid-19; ការព្រួយបារម្ភ ១១.១១% លើការបាត់បង់ការងារ; ៩.២០% លើការឈ្លោះប្រកែកគ្នាច្រើនជាងរឿងផ្សេងៗ និងការអប់រំកុមារមាន ៧.៦៤% ។

គួរបញ្ចាក់ផងដែរថា កាលពីចុងឆ្នាំ២០២០ ទេសាភិបាលធនាគារកណ្ដាលថៃបាននិយាយថា បំណុលក្នុងគ្រួសាររបស់ប្រជាជនថៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ១៧ឆ្នាំមកនេះហើយគិតត្រឹមខែមិថុនា ឆ្នាំ២០២០ បំណុលក្នុងគ្រួសាររបស់ប្រជាជនថៃបានកើនឡើងដល់ ១៣.៥៩ ទ្រីលានបាត (៤៣៥ ពាន់លានដុល្លារ) ស្មើនឹង ៨៣.៨% នៃផលិតផលក្នុងស្រុកសរុប ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៣ និងក្នុងចំណោមកម្រិតខ្ពស់បំផុតនៅអាស៊ី៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


